បណ្តាញសង្គម

ឆ្មក់ចិនបានសម្រេច តែគេចមិនរួច ផ្អើល​បឹង​កេងកង៣​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនជាតិចិនបានសម្រេច តែរត់មិនរួចត្រូវជនរងគ្រោះចាប់ជាប់ម្នាក់ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូត្រូវប្រជាពលរដ្ឋក្របួចជាប់រួចប្រគល់ទៅឱ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ ខែឧសភា នៅតាមបណ្តោយផ្លូវ៣១០ នៅមុខនឹងភោជនីយដ្ឋាន តន្ត្រីគង់លី សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនខាងលើឈ្មោះ ឡាយ សុងឌីន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ២៧១ ខណ្ឌចំការមន។តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់អោយដឹងថា មុនកើតហេតុ ខ្លួននិងបក្ខពួកមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Beat មិនចាំស្លាកលេខ ដោយខ្លួនជាអ្នកអង្គុយពីក្រោយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ លុះពេលមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញបុរសជនជាតិចិនម្នាក់កាន់ទូស័ព្ទនិយាយដើរចេញពីហាងបម្រុងឡើងជិះរ៉ឺម៉កម៉ូតូកង់បី ។

ជនសង្ស័យបានឆ្លើយបន្តថា ពេលឃើញដូច្នេះ ខ្លួន និងបក្ខពួកបានជិះម៉ូតូទៅជិតជនរងគ្រោះ ហើយខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនចាំម៉ាកមួយគ្រឿងពីជនរងគ្រោះបានសម្រេច តែត្រូវជនរងគ្រោះដឹងខ្លួនក៏ស្រវាចាប់ទាញចំអាវរបស់ខ្លួន បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ក្របួចជាប់ ចំណែកបក្ខពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះជាជនជាតិចិនមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ បន្ទាប់ពីចាប់បានជនសង្ស័យ និងយកទូរស័ព្ទគេបានមកវិញរួចហើយ ជនរងគ្រោះក៏បានឡើងជិះរ៉ឺម៉កម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់ទៅ ចំណែកជនសង្ស័យខាងលើត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលបឹងកេងកង៣ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព