បណ្តាញសង្គម

ប្រពន្ធ​ស៊ូទ្រាំ​លែង​បាន ក៏​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ប្តី

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យមកពីការប្រច័ណ្ឌពេក ទើបធ្វើឱ្យបុរសជាប្តីម្នាក់បានប្រើអំពើហិង្សាមកលើប្រពន្ធ លុះស្ត្រីជាប្រពន្ធស៊ូទ្រាំលែងបាន ក៏មកប្តឹងសមត្ថកិច្ចក្រុងប៉ោយប៉ែតឱ្យឃាត់ខ្លួនតែម្តង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះជាប្រពន្ធឈ្មោះ សាន លាភា អាយុ២៨ឆ្នាំ មានទៅលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៉ន ភារម្យ អាយុ៣៣ឆ្នាំ តែងតែរករឿងឈ្លោះប្រកែក ជេរប្រមាថ និងវាយដំមកលើរាងកាយគាត់ជាញឹកញាប់ ។

ស្ត្រីរងគ្រោះជាប្រពន្ធបានបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យជាប្តីបានមកទទួលគាត់ចេញពីកន្លែងធ្វើការ ហើយក៏បានឈ្លោះប្រកែកគ្នាតាមផ្លូវ រហូតជនសង្ស័យជាប្តីឈានដល់ប្រើហិង្សា ដោយបានទះកំផ្លៀង និង វាយចំផ្ទៃមុខជាច្រើនដៃ ព្រមទាំងយកបន្ទះឈើវាយមកលើគាត់ជាច្រើនទៀតផង ដោយគាត់ស៊ូទ្រាំលែងបាន ទើបមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាប្តីតែម្តង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម កម្លាំងជំនាញបានចុះឃាត់ខ្លួនបុរសជាប្តីយកមកធ្វើការសាកសួរនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ ពេលសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនមានការសង្ស័យ និងប្រច័ណ្ឌប្រពន្ធពេក ។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាប្តី រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព