បណ្តាញសង្គម

កុមារដែលរងទារុណកម្ម ពីសំណាក់ភិក្ខុសង្ឃអគតិ កំពុងទទួលការថែទាំ នៅមជ្ឈមណ្ឌល កុលបុត្រតេជោ

សៀមរាប៖ កាលពីរសៀល ថ្ងៃទី៥ កក្កដា កន្លងទៅ ព្រះចៅអធិការ វត្តព្រះឥន្ទកោសី ព្រះនាមពេជ្រ សន ជាមេគណខេត្ត និងព្រះភិក្ខុព្រហ្មជោតោ ហឿន សំនៀង នាយកប្រតិបត្តិ សមាគមជីវិត និងក្ដីសង្ឃឹម និងជាគ្រូសូត្រឆ្វេង គង់នៅវត្តដំណាក់ បាននិមន្តនាំយកសម្ភារ និងប្រាក់មួយចំនួន ទៅផ្ដល់ឱ្យកុមារ តន់ រតនា ដែលទទួលរងនូវ ទារុណកម្ម យ៉ាងព្រៃផ្សៃ ពីសំណាក់ភិក្ខុសង្ឃ មួយអង្គដែលគ្មានក្ដីមេត្ដា

នៅវត្តប្រាសាទឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបានធ្វើឱ្យ មានការរំជួលចិត្ត យ៉ាងខ្លាំងដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានទទួល ព័ត៌មានអកុសលមួយនេះ។ កុមារារងគ្រោះ ដោយសារ ភិក្ខុសង្ឃចិត្ត មារនេះឈ្មោះតន់ រតនា អាយុ៩ឆ្នាំ មានស្រុកកំណើត នៅខេត្តក្រចេះ ក្រោយពីទទួលបាននូវ ការពិនិត្យព្យាបាលរបួស នៅមន្ទីរពេទ្យជ័យ វរ័ន្មទី៧ (ខេត្តសៀមរាប) រួច នៅវេលារសៀល ថ្ងៃទី៣ កក្កដា ត្រូវបានមជ្ឈមណ្ឌល កុមារកុលបុត្រតេជោ ខេត្តសៀមរាប ទទួលយកទៅថែទាំ បន្តទៀត។

មជ្ឈមណ្ឌលកុមារ កុលបុត្រតេជោសៀមរាប ស្ថិតក្នុងភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប។ បច្ចុប្បន្ន មជ្ឈមណ្ឌលនេះ កំពុងចិញ្ចឹម បីបាច់ថែរក្សា និងផ្ដល់ការ សិក្សាដល់កុមារ កំព្រាចំនួន៣៥នាក់ ដែលការប្រព្រឹត្តទៅ នៃមជ្ឈមណ្ឌលមួយនេះ គឺមានលក្ខណៈ ជាគ្រួសារ ដ៏ធំមួយ។

ព្រះភិក្ខុព្រហ្មជោតោ ហឿន សំនៀង បាននិមន្តនាំយកសម្ភារ និងប្រាក់មួយចំនួន ទៅសួរសុខទុក្ខ កុមារាតន់ រតនា នារសៀលថ្ងៃទី៥ កក្កដា នៅមជ្ឈមណ្ឌល កុមារកុលបុត្រ តេជោសៀមរាប ។ នេះជាលើកទី២ហើយ ដែលព្រះភិក្ខុសង្ឃ ក្នុងខេត្តសៀមរាប បាននិមន្តទៅសួរសុខទុក្ខ និងនាំយកអំណោយ ជាសម្ភារ និងប្រាក់ទៅឧបត្ថម្ភដល់ កុមារាតន់ រតនា តាមរយៈ មជ្ឈមណ្ឌលដែល ទទួលមើលថែ កុមាររងគ្រោះដោយផ្ទាល់។

តាមប្រភពព័ត៌មានថ្មី បានឱ្យដឹងថា កុមារាតន់ រតនា មានស្រុកកំណើត នៅខេត្ដក្រចេះ មិនមានស្ថានភាព ជាក្មេងកំព្រាឪពុក ឬម្ដាយដូចព័ត៌មាន ជំហានដំបូង ដែលបានផ្សាយនោះទេ គឺគេមានឪពុក មានអាជីព ជាអ្នកភ្លេងប្រពៃណី ចំណែកម្ដាយ ជាមេផ្ទះ តែរហូតមកដល់ពេលនេះ មិនទាន់បានមកមើល កូននៅឡើយទេ ដោយសារគ្មានប្រាក់ ធ្វើសោហ៊ុយ។

ទោះបីជាបែបណាមន្ដ្រី នៅមជ្ឈមណ្ឌលកុលបុត្រ តេជោ បានឱ្យដឹងថា មានការធ្វើ ទំនាក់ទំនងទៅហើយ ឱ្យឪពុកម្ដាយមកជួបកូន នៅប៉ុន្មានថ្ងៃខាងមុខ។ អាស្រ័យដោយកុមារា តន់ រតនា មានបំណងចង់បួសរៀន គាប់ជួនភិក្ខុសង្ឃ ជាសង្ឃឥតក្ដីមេត្ដា និមន្ដទៅ ដល់ផ្ទះកុមាររូបនោះ នៅេខេត្ដក្រចេះ ឪពុកម្ដាយក៏ផ្ញើ កូនជាមួយ ភិក្ខុសង្ឃអង្គនេះ ដើម្បីបានរៀនសូត្រធម៌ ឆ្ពោះទៅរក ការសាងផ្នួស។ កុមារា តន់ រតនា បានរៀបរាប់ ដោយមិនចាំថ្ងៃ ខែ ពិតប្រាកដទេ ប៉ុន្ដែគ្រាន់តែដឹងថា បន្ទាប់ពីចាកចេញ ឃ្លាតឆ្ងាយ ពីស្រុកកំណើតបាន ទៅស្នាក់នៅរាជ ធានីភ្នំពេញ បន្ទាប់មកនៅ ខេត្ដបាត់ដំបង និងចុងក្រោយគឺស្នាក់នៅ ក្នុងវត្ដប្រាសាទ ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។

តាំងពីមកស្នាក់នៅក្នុង វត្ដនេះរហូតមក ដល់ថ្ងៃចូល មន្ទីរពេទ្យមាន រយៈពេលប្រហែលជាកន្លះខែ ហើយនៅក្នុង អំឡុងពេលនោះ គេទទួលទារុណកម្ម ចំនួន៧ដង ។ កុមារា តន់ រតនា បាននិយាយ អំពីមូលហេតុ ដែលខ្លួនត្រូវទទួលរងទារុណកម្ម គឺដោយសារតែ រូបគេពេលខ្លះអផ្សុក នឹកស្រុក នឹកឪពុកម្ដាយ ក៏តែងតែ ស្រែកច្រៀង ចម្រៀងប្រពៃណី ដើម្បីកំដរចិត្ដ ដែលកណ្ដោចកណ្ដែង នឹកឪពុកម្ដាយបងប្អូន ។ ការស្រែកច្រៀងនេះ ធ្វើឱ្យប៉ះពាល់ ដល់ដំណេក របស់ភិក្ខុដែលជា គ្រូស្នាក់នៅជាមួយ ហើយភិក្ខុសង្ឃនោះ ក៏ប្រៀនប្រដៅ ដោយការធ្វើទារុណកម្ម ដូចជាការ ឆក់ដោយចរន្ដអគ្គិសនីជាដើម ។ ពេលគេសន្លប់ ភិក្ខុសង្ឃអង្គនេះយក ភ្លើងធូប ទៅអុជលើខ្លួនប្រាណ បន្ដក់ទៀន និងជះទឹកក្ដៅ ដើម្បីឱ្យដឹងខ្លួនឡើងវិញ បង្ខាំងចាក់សោទុក ក្នុងបន្ទប់ ហើយចុងក្រោយនេះ ត្រូវបានភិក្ខុសង្ឃអង្គនេះ ស្រោចទឹកក្ដៅលើខ្នង បណ្ដាលឱ្យរបួសយ៉ាងធ្ងន់។

ដោយសារតែ ការប្រព្រឹត្ដ អំពើដ៏ឃោរឃៅនេះ ភិក្ខុអសីលធម៌ ត្រូវបានចាប់ផ្សឹក តាមផ្លូវសាសនា និងត្រូវទទួលទោស តាមច្បាប់របស់រដ្ឋ ។ ក្រោយពីបាន មកដល់មជ្ឈមណ្ឌល កុមារកុលបុត្រតេជោ សៀមរាប មុខរបួសរបស់កុមារា តន់ រតនា បានធូរស្រាលហើយ ប៉ុន្ដែស្រី្តម្នាក់ដែល កុមារារូបនេះ ហៅម៉ែនោះ និយាយថា ស្មារតីរបស់ចៅ រតនា មិនទាន់ល្អទេ ដោយសារតែរូប គេទទួលទារុណកម្ម ធ្ងន់ធ្ងរពេក។

ឥឡូវនេះ គេមានអាការៈភ័យខ្លាច ខ្លាំងណាស់ ឧទាហរណ៍ដូចជា ការបើកទ្វារជាដើម គ្រាន់តែ តឹងដៃបន្ដិចក៏ស្រែកហៅ ដោយស្លន់ស្លោ ឱ្យគាត់ជួយដែរ ។ ព្រះភិក្ខុព្រហ្មជោតោ ហឿន សំនៀង មានថេរដីកាថា អាស្រ័យដោយសារតែមាន បុគ្គលសង្ឃមួយចំនួន ប្រព្រឹត្ដប្រាសចាក ធម្មវិន័យ ឬក៏ថាជាបុគ្គលដែល គ្រប់គ្រងចិត្ដខ្លួន ឯងមិនបាន ប្រព្រឹត្ដអបាយផ្សេងៗ ដោយចេតនាក្ដី ដោយអចេតនាក្ដី ក្រោមការ ដែលយកស្បង់ចីវរ មកគ្របដណ្ដប់លើ អំពើខុសឆ្គង របស់ខ្លួននោះ វាមិនមែនជាច្បាប់របស់ សាសនាព្រះពុទ្ធទេ៕

ដកស្រង់ពី៖ កោះសន្តិភាព