បណ្តាញសង្គម

ប្រើ​ល្បិច​ធ្វើ​ជា​មក​ជួល​ម៉ូតូ ម្ចាស់​ឆ្ងល់​ប្តឹង​បែកធ្លាយ

ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានសហការជាមួយកម្លាំងរបស់ស្នងការខេត្តកំពង់ធំ តាមប្រមាញ់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះប្រើល្បិចធ្វើជាមកជួលម៉ូតូនៅហាងលក់និងជួលម៉ូតូមួយកន្លែងក្នុងក្រុងសៀមរាប ហើយយកទៅលក់នៅរាជធានីភ្នំពេញ ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប និងខេត្តកំពង់ធំ។ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះអៀង គាហេង ហៅហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះឈ្មោះអឹុង ឆាយហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាម្ចាស់ហាងលក់និងជួលម៉ូតូយីហោ «សៀមរាប ស្គូត ធឺរេនថល» ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមប្រភពពីនគរបាលជំនាញនៃក្រុងសៀមរាបបានឱ្យដឹងកាលពីរសៀលថ្ងៃទី៥ ខែមិថុនាឆ្នាំ២០៩នេះថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានជនសង្ស័យចំនួន២នាក់ខាងលើ បានប្រើល្បិចធ្វើជាមកជួលម៉ូតូចំនួន៥គ្រឿងពីម្ចាស់ហាងលក់និងជួលម៉ូតូដែលរងគ្រោះខាងលើ ដើម្បីយកទៅជួលបន្តឱ្យភ្ញៀវជិះកម្សាន្តនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ។

តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង១០យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង២នាក់ខាងលើក៏បានមករកជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះឆ្ងល់ ហើយសួរជនសង្ស័យថា «ម៉ូតូ៥គ្រឿងមុនយកទៅណាម៉េចមិនឃើញ?» ជនសង្ស័យបានឆ្លើយថា «ម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់» ដោយជនរងគ្រោះមានការសង្ស័យមិនឃើញម៉ូតូជាច្រើនគ្រឿងដែលជនសង្ស័យបានជួលកាលពីមុននោះ តែបែរជាមករកជួលម៉ូតូបន្ថែមទៀត ។

បន្ទាប់មកជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ច រួចនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរតែម្តង ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួលម៉ូតូពីជនរងគ្រោះ បម្រុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព