បណ្តាញសង្គម

រក​ទាល់តែ​ឃើញ​…​ចោរប្លន់​នៅ​មុខ​ផ្ទះ​អ្នក​ស្រុក​បាណ​ន់​ម្នាក់

ខេត្តបាត់ដំបង ៖ បន្ទាប់ពីការប្រឹងប្រែងស៊ើបអង្កេតអស់រយៈប៉ុន្មានថ្ងៃ កម្លាំងការិយាល័យជំនាញនៃស្នង ការខេត្ត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី៧ មិថុនា នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ដែលពាក់ព័ន្ធនឹងអំពើ«ប្លន់» កាលពីចុងខែឧសភាកន្លងទៅនេះ ជាមួយនិងបក្សពួកម្នាក់ទៀត ដែលកំពុងសំងំលាក់ខ្លួន ។

លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត ដែលបានចុះប្រតិបត្តិការផ្ទាល់បានប្រាប់ថា បក្សពួកក្រុមចោរប្លន់ម្នាក់ ដែលកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនបាននោះ ឈ្មោះម៉ាង ឃុនឆាង ហៅចិន អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ លោកថា ជននេះនិងបក្សម្នាក់ទៀតដែលកំពុងគេចខ្លួន បានជាប់ពាក់ព័ន្ធនឹងករណីភ្ជង់«ប្លន់»យកខ្សែ.កពីស្ត្រីម្នាក់ កាលពីចុងខែឧសភា កន្លងទៅថ្មីៗនេះ នៅក្នុងស្រុកបាណន់ ។

ប៉ុន្តែក្រោយកើតហេតុ លោកស្នងការ ក៏បានចេញបទបញ្ជាឲ្យកម្លាំងការិយាល័យជំនាញចុះធ្វើ ការស្រាវជ្រាវអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ទើបកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានម្នាក់ ខណៈបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

សូមរំលឹកថា នារីម្នាក់ឈ្មោះនឿន សុខា អាយុ២៨ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ត្រូវជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូទៅភ្ជង់.កដល់ខាងមុខផ្ទះនាងដោយកាំបិតចុងស្រូច ហើយបាន«ប្លន់» យកខ្សែ.កប្លាទីន១ខ្សែទម្ងន់៥ជី រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី៣០ ឧសភា កន្លងទៅនេះ ខណៈនាងនិងម្ដាយកំពុងចាក់សោបើកទ្វាចូលផ្ទះ ។

នៅក្នុងព្រឹត្តិការនេះ ម្ដាយនារីរងគ្រោះបាននិយាយថា ពេលនោះគាត់និងកូនស្រីបានស្រែកឆោឡោផ្អើលពេញភូមិ លើកលេងតែសមត្ថកិច្ចទេ ដែលមិនផ្អើលបើទោះជាមានអ្នកជិតខាងម្នាក់បានព្យាយាមទូរស័ព្ទហៅលោកប៉ូលិសឲ្យមកជួយ ក៏គេមិនអើពើដែរ។

មិនតែប៉ុណ្ណោះ បើតាមជនរងគ្រោះដដែលបានបញ្ជាក់ថា បន្ទាប់ពីប្លន់នៅពេលយប់ នៅព្រឹកថ្ងៃទី៣១ ឧសភា ស្វាមីគាត់បានជិះម៉ូតូប្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលឈើទាល តែមន្ត្រីនៅទីនោះ បដិសេធមិនទទូលបណ្ដឹងទេ ហើយជំរុញឲ្យទៅប្ដឹងនៅអធិការនគរបាលស្រុកបាណន់វិញ ហើយស្វាមីគាត់ក៏ទៅតាមការចង្អុលបង្ហាញនេះទៀត ។

ប៉ុន្តែចាប់តាំងពីថ្ងៃប្ដឹងនោះ រហូតដល់ត្រិមថ្ងៃទី៤ មិថុនា គាត់មិនដែលឃើញមន្ត្រីណាម្នាក់បានចុះផ្ទះគាត់ដើម្បីសួរនាំ ឬហៅកូនស្រីគាត់ ដែលជាជនរងគ្រោះផ្ទាល់ទៅសាកសួរពីដំណើរឡើយ គឺស្ងាត់ជ្រៀបតែម្ដង ដែលធ្វើឲ្យគ្រួសារគាត់ និងអ្នកភូមិកាន់តែបារម្ភអំពីបញ្ហាអសន្តិភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់។

ពាក់ព័ន្ធនឹងអំពើ«ប្លន់»នេះ បើតាមមន្ត្រីម្នាក់បានទម្លាយឲ្យដឹងថា ពិតមែនតែអធិការស្រុកបាណន់ បានទទូលបណ្ដឹងពីជនរងគ្រោះ តែទំនងត្រូវគេព្យាយាមលាក់បាំងមិនរាយការណ៍ជូនការិយាល័យជំនាញ ឬជួនលោកស្នងការឲ្យបានជ្រាបទេ ដោយសារតែមួយរយៈនោះ នៅក្នុងស្រុកបាណន់ បទល្មើសឧក្រិដ្ឋបានកើតឡើងផ្ទូនៗគ្នាពេក ។

មន្ត្រីដដែលបានបញ្ជាក់ថា ដោយសារតែខាងអធិការព្យាយាមបិទបាំងបទល្មើស សំងំស្ងៀមមិនឃើញកំរើកបែបនេះហើយ ទើបពលរដ្ឋទម្លាយរឿងឧក្រិដ្ឋនេះដល់កោះសន្តិភាពផ្សព្វផ្សាយជាសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ព្រះឥន្ទ និងចេញបញ្ជាដល់មន្ត្រីការិយាល័យជំនាញខ្វែងដៃខ្វែងជើង ឲ្យចុះដឹកនាំកម្លាំងអធិការស្រុកបាណន់ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបក្សពួកចោរបានម្នាក់ ខណៈម្នាក់ទៀតកំពុងសម្ងំលាក់ខ្លួន។

ទោះយ៉ាងណា ជុំវិញការចាប់ខ្លួនចោរប្លន់ម្នាក់ខាងលើនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញក៏បានដកហូតនូវវត្ថុតាងមួយចំនួនផងដែរ ដែលស៊ីសង្វាក់ទៅនឹងភិនភាគដែលជនរងគ្រោះបានស្គាល់និងបានឃើញពេលកំពុងធ្វើសកម្មភាព។ លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យបានសារភាពទទូលស្គាល់នូវទង្វើរបស់ខ្លួនហើយ ពេលនេះមន្ត្រីការិយាល័យជំនាញកំពុងបន្តនិតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព