បណ្តាញសង្គម

មិនចេះអស់សោះនៅ​ផ្លូវR6 ជាង​​​៥០០​កញ្ចប់​ឯណោះ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋានខណ្ឌដូនពេញដឹកនាំកម្លាំងបើកប្រតិបត្តិការចុះទៅបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនបានចំនួន៥នាក់ និងដកហូតបានថ្នាំញៀនចំនួន៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ ជញ្ជីងថ្លឹងមួយ ទូហ្គេមចំនួនមួយគ្រឿង រួមនឹងឧបករណ៍មួយចំនួនទៀត ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 នៅចំណុចបឹងកក់រោងចក្រឆ្នាំង ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង៥នាក់ខាងលើរួមមាន ១-ឈ្មោះ សាយ សម្ភាពបញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ២-ឈ្មោះហម រ័ត្នថា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិវែង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ៣-ឈ្មោះលី ម៉ាណេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្តុំរោងចក្រឆ្នាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ៤-ឈ្មោះឆយ បុរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិដួង ឃុំដួងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និង៥-ឈ្មោះសុ វាតត្រា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា មុនពេលកើតហេតុដោយមានបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខណ្ឌដូនពេញបានបញ្ជាផ្ទាល់អោយលោកអធិការរង ម៉ៅ ចាន់ថុន ទទួលផែនគ្រឿងញៀនបើកប្រតិបត្តិការចុះទៅបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់ថ្នាំញៀនដឹកនាំកម្លាំងសមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀនចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នៅក្នុងទីតាំងហ្គេមបាញ់ត្រី ព្រមទាំងដកហូតបានថ្នាំញៀនចំនួនសរុប៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ ជញ្ជីងថ្លឹងមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត ហើយថែមទាំងដកហូតបានទូហ្គេមបាញ់ត្រីចំនួនមួយគ្រឿងយកទៅកាន់អធិការដ្ឋានគរបាលខណ្ឌដូនពេញ ។

ក្រោយពេលសមត្ថកិច្ចសួរនាំរួច ជនសង្ស័យទាំងនោះបានឆ្លើយសារភាពថា ថ្នាំញៀនទាំងអស់ខាងលើនេះគឺពិតជារបស់ពួកខ្លួនប្រាកដមែន ហើយលក់ចេញក្នុងមួយកញ្ចប់ពី២ម៉ឺនទៅ៣ម៉ឺនរៀល ។ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះរួមនឹងវត្ថុតាងថ្នាំញៀនចំនួន៥១៩តូច និង៥កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ៕

ដក់ស្រង់ពី៖កោះសន្តិភាព