បណ្តាញសង្គម

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ បង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀន ២នាក់់ និងដកហូត វត្ថុតាងមួយចំនួន

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ ការចាប់ខ្លួន មុខសញ្ញាចែកចាយ ថ្នាំញៀន ២នាក់ និងដកហូត វត្ថុតាងមួយចំនួនផងដែរ ។

មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងអោយដឹងថា ប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យ ទាំង២នាក់ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ឡូត៍កៅស៊ូ លេខ០៤ដេ ស្ថិតនៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ។

មន្ត្រីនគរបាលដដែលនេះ បានបន្តទៀតថា ក្រោយការ ចាប់ខ្លួនមុខសញ្ញា ទាំង២នាក់ កម្លាំងសមត្ថកិច្ច ដែលមាន ការអនុញ្ញាត តាមផ្លូវច្បាប់ ពីតំណាងអយ្យការនោះ កម្លាំងសមត្ថកិច្ច បានដកហូត ម៉ូតូមួយគ្រឿង និងថ្នាំក្រាម ពណ៌សថ្លា ចំនួន ២កញ្ចប់ធំ ។ បើតាមមន្រ្តីនគរបាលរូប នេះ ជនសង្ស័យទាំង២នាក់ រួមមានទី១ ឈ្មោះ ណៃ ភារ: អាយុ ២៣ឆ្នាំ រស់នៅភូមិ ច្រកចំបក់ ឃុំជប់ ស្រុកត្បូង ឃ្មុំ និងទី២ឈ្មោះ អ៊ុក ជឹមមុនីឧត្តម អាយុ ១៧ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព៌ត៌មាន សម្ងាត់ ស្តីសកម្មភាពចែក ចាយ និងប្រើប្រាស់គ្រឿងញៀន ខាងលើនេះ រួចមក ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជា និងដឹកនាំ កម្លាំងនគរបាល បើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងតាមជំនាញ របស់ខ្លួន រហូតឈានទៅដល់ ការចាប់ខ្លួនមុខសញ្ញា ទាំងនេះបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួន និងសាកសួរ បន្តទៀត នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីមាន វិធានការ និងកសាងសំណុំ រឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្ត យ៉ាងក្តៅគគុក ស្រាវជ្រាវ បទល្មើសមួយ នេះ ដើម្បីឈានទៅដល់ការ ចាប់ខ្លួន បក្ខពួកដែលនៅសេសសល់ ៕