បណ្តាញសង្គម

ក្រោយ​ចាប់​វាយ​ខ្នោះ​អ្នកកាសែត​២​នាក់​រឿង​លុយ​១២០០​ដុល្លារ ពេល​នេះ​ចាប់​ម្នាក់​ទៀត​ហើយ

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី១៩ មិថុនា ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនជនង្ស័យជាអ្នកកាសែតម្នាក់ទៀតហើយក្នុងចំណោមបក្សពួក៤នាក់ ដែលជាប់ចោទពីបទកំហែងយកប្រាក់ចំនួន១.២០០ដុល្លារពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែងយីហោ ឌីសឺតផ្លេសកាហ្វេ ដែលមានទីតាំងនៅមុខផ្សារកំពង់ធំ ដោយក្រុមជនសង្ស័យថាប្រាក់ទាំងនោះមានចំណែក៤នាក់ ក្នុងម្នាក់ៗទទួលបាន៣០០ដុល្លារ ។

គួររំលឹកថា អ្នកកាសែត២នាក់ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ…រឿងជម្រិតទារលុយ1200$ជនសង្ស័យម្នាក់ខាងលើឈ្មោះ សាត សុខណាក់ ភេទប្រុស ជាអ្នកយកព័ត៌មានឲ្យស្ថានីយទូរទស្សន៍ 8T.V ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យឃាត់ខ្លួនដែលចេញដោយលោក យុត ពន្លឺ អនុប្រធាន និងជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ ។

ពាក់ព័ន្ធនឹងករណីខាងលើ កាលពីថ្ងៃទី៩ មិថុនា ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ផងដែរ ក្នុងនោះម្នាក់ឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស និងម្នាក់ទៀតឈ្មោះ អាំង ប៊ុនហូវ ភេទប្រុស រហូតមកដល់ថ្ងៃ១៩ ខែមិថុនា សមត្ថកិច្ចបានឃាត់ជនសង្ស័យសរុបចំនួន៣នាក់ហើយ និងនៅសល់ម្នាក់ទៀត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព