បណ្តាញសង្គម

ចោរ​នេះ​ដឹង​ម្ល៉េះ?​…​ធាក់​ម៉ូតូ​ផ្តួល​ដែល​មាន​​គ្រឿង​អ​ល​ង្ក​ការ​ក្នុង​កែប

រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់គ្រឿងអលង្ការម្នាក់ ខណៈជិះម៉ូតូត្រឡប់មកពីយកគ្រឿងអលង្ការពីជាងទៅផ្ទះវិញ និងបានដាក់គ្រឿងអលង្ការមួយកាបូបនៅក្រោមកែបម៉ូតូ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូតាមតាំងពីផ្ទះជាង ហើយបានបើកបំបុកពីក្រោយ បណ្តាលឱ្យដួលរងរបួស តែមិនដឹងថា មានបំណងអ្វីនោះទេ ហើយក្រុមជននេះ ស្រាប់តែស្លន់ស្លោលើកម៉ូតូជិះរត់គេចបាត់ទៅ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨ ខែមិថុនា នៅជិតអតីតសណ្ឋារគារម៉ារ៉ាឌី គល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ស្ត្រីរងគ្រោះមិនបានឱ្យស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជិះម៉ូតូហុងដាស្គូពី ពណ៌កាប់ស្តាំង ពាក់ផ្លាកលេខភ្នំពេញ ១WC-៨២៥៣ ដោយដាក់គ្រឿងអលង្ការមួយកាបូបនៅក្រោមកែបម៉ូតូ ។

តាមស្ត្រីរូបនេះឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីកន្លែងលក់គ្រឿងអលង្ការនៅផ្សារអូឡាំពិក ដើម្បីទៅម្តុំវត្តសាមគ្គីរង្សី គោលបំណងយកគ្រឿងអលង្ការទៅឱ្យជាងធ្វើ(កងឈុត) រួចហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅម្តុំផ្សារអូឡាំពិក ដោយដាក់កាបូបដែលមានគ្រឿងអលង្ការពេញក្រោមកែបម៉ូតូ តែគាត់មិនបានឱ្យដឹងពីចំនួនគ្រឿងអលង្ការនោះទេ ។

ស្ត្រីអាជីវករលក់មាសរូបនេះ រៀបរាប់ទៀតថា ពេលគាត់ធ្វើដំណើរតាមផ្លូវលេខ២១៧ ជិតដល់អតីតសណ្ឋារគារម៉ារ៉ាឌី ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ តាមពីក្រោយគាត់តាំងពីវត្តសាមគ្គីរង្សី កន្លែងធ្វើគ្រឿងអលង្ការមិនដឹងថាបុកពីក្រោយ ឬធាក់ម៉ូតូគាត់នោះទេ ធ្វើឲ្យគាត់ដួលរងរបួសបែកមាត់ ។

ភ្លាមៗនោះ មានបងប្អូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បីមកពីក្រោយព្រោងព្រាត ធ្វើឲ្យបុរស២នាក់នោះ ភ័យស្លន់ស្លោក៏ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ទៅ ដោយបន្សល់ទុកស្បែកជើងមួយចំហៀង ។ ចំណែកកាបូបដាក់គ្រឿងអលង្ការ ត្រូវបានគាត់បើកកែបម៉ូតូយកមកឱបជាប់ខ្លួនទាំងអារម្មណ៍ភិតភ័យ ។

បន្តិចក្រោយ នគរបាលចរាចរណ៍ដែលប្រចាំការនៅគោលដៅក្បែរនោះ បានទៅជួយយកជនរងគ្រោះឱ្យមកអង្គុយនៅគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ រួចហើយស្ត្រីរងគ្រោះ ក៏បានទាក់ទងហៅសាច់ញាតិឲ្យមកទទួលយកទៅផ្ទះ។

ដកស្រង់ពី៖កោះសន្តិភាព