បណ្តាញសង្គម

​ពីព្រឹកគាត់​ថាទៅកាប់អុស លុះរសៀល​ផ្អើល​ពេញចម្ការកៅស៊ូ​

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញឆេះរួចខ្លោចជាមួយនឹងម៉ូតូមួយគ្រឿងដែលឆេះរងការខូចខាតផងដែរនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល និងបង្កឲ្យ មានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីជនរងគ្រោះចេញបាត់ពីផ្ទះថាទៅកាប់អុសក្នុងចម្ការកៅស៊ូ អស់រយៈពេលមួយព្រឹក លុះរសៀលក៏មានក្រុមកម្មកររាយការណ៍ប្រាប់សមត្ថកិច្ចថាបានប្រទះឃើញសពមនុស្សម្នាក់និងម៉ូតូមួយគ្រឿងឆេះខ្លោច។

ក្រោយការចុះពិនិត្យ នគរបាលបានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះមានឈ្មោះ ខុម សិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ និងជាមុខសញ្ញាពាក់ព័ន្ឋនឹងគ្រឿងញៀន និង ធ្លាប់បែកថ្នាំផងដែរ។

ទោះបីជាបែបណា ការប្រទះឃើញសាកសពបុរសម្នាក់បានឆេះរួញក្រញង់ជាមួយនឹងម៉ូតូនេះ នគរបាលជំនាញព្រហ្មទណ្ឌស្រុកមិនទាន់កំណត់ច្បាស់លើករណីខាងលើនេះនៅឡើយទេ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបញ្ជាក់ថា ករណី នេះនគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវ។សាកសពរបស់បុរសរងគ្រោះត្រូវបានគេប្រទះឃើញឆេះខ្លោចរួចក្រញ៉ង់នៅក្បែរម៉ូតូមូយគ្រឿងដែលឆេះរងការខូចខាតក្នុងចម្ការកៅស៊ូខាងលើ ហើយម៉ូតូមួយគ្រឿងដែលរងការខូចខាតនេះត្រូវគេស្គាល់ថាជារបស់ជនរងគ្រោះដែលធ្លាប់ជិះទៅមក។

បើតាមការឲ្យដឹងពីក្រុមគ្រួសារបុរសរងគ្រោះបានប្រាប់នគរបាលកាលពីព្រឹកថ្ងៃទី២៦ មិថុនា ឱ្យដឹងថា ជនរងគ្រោះមកសុំលុយអ្នកផ្ទះចំនួន២ពាន់រៀល ដើម្បីទៅកាប់អុសក្នុងព្រៃចម្ការកៅស៊ូ។ ដោយជនរងគ្រោះបានយកកាំបិតផ្គាក់ទៅជាមួយទៀតផងហើយជនរងគ្រោះបានចេញពីផ្ទះទៅបាត់ មិនឃើញត្រឡប់មកវិញឡើយ។

លុះដល់ពេលរសៀលថ្ងៃដដែលក៏ត្រូវបានក្រុមកម្មករចម្ការកៅស៊ូរាយការណ៍មកនគរបាលថា បានប្រទះឃើញសពមនុស្សម្នាក់ឆេះរួញក្រញ៉ង់ក្បែរម៉ូតូមួយគ្រឿងដែលឆេះរងការខូចខាតផងដែរក្នុងចម្ការកៅស៊ូនោះ។

លោកចាន់ សុខគីម អធិការនគរបាលស្រុកបានបញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ មានបន្សល់ទុកនូវកំប៉ុងស្រាបៀរ និងប្រអប់ដាច់សាច់ក្លែមមួយចំនួន ហើយនគរបាលក៏កំពុងតែ ស្រាវជ្រាវ រកមូលហេតុឲ្យច្បាស់នៃករណីនេះផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព