បណ្តាញសង្គម

វាសនា​លោក​វេជ្ជបណ្ឌិត​ក្រោម​​ការ​សម្រេច​របស់​តុលាការ

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនលោកវេជ្ជបណ្ឌិត ឈ្មោះ ហេង សេងហ៊ ហើយកាលពីល្ងាចថ្ងៃទី ២៦ ខែមិថុនា ដោយចោទប្រកាន់ពីបទប្រទូស្តកេរ្តិ៍ខ្មាស់ ដែលបានប្រព្រឹត្ត កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោក ស្រី សុដា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជននៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះមាន ព្រះរាជអាជ្ញា អមសាលាដំបូង គឺលោក ទី មុនិន្ទ និងចៅក្រមគឺលោក សុខ ឧត្តម បានចោទប្រកាន់ព្រមគ្នាទៅលើលោកវេជ្ជបណ្ឌិតរូបនោះ ក្នុងបទប្រព្រឹត្តអំពើប្រទូស្តកេរ្តិ៍ខ្មាស់លើអ្នកគ្រូពេទ្យឆ្មបមធ្យម ម្នាក់កាលពីយប់ថ្ងៃទី២៣ ខែមិថុនា។តាមប្រភពដដែលបានបន្តថា ក្រោយពីមានពាក្យបណ្ដឹងរបស់អ្នកគ្រូពេទ្យឆ្មបមធ្យមនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប្តឹងចោទប្រកាន់លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ពីបទប៉ុនប៉ងរំលោភមិនបានសម្រេច រួចមក សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយផ្អែកតាមភស្តុតាងមានកាមេរ៉ាសុវត្ថិភាពដែលបានបង្ហាញថា នៅពេលដែលអ្នកគ្រូពេទ្យរងគ្រោះបើកទ្វារចេញពីបន្ទប់ទឹក ត្រូវបានវេជ្ជបណ្ឌិតចាប់ឱបនាង ហើយនារីរងគ្រោះបានប្រឹងរើបំរះរហូតរួចខ្លួន ។

ក្រោយពីទទួលបានភស្តុតាងខាងលើរួចមក សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាវិជ្ជបណ្ឌិត ទៅតុលាការ តាមនីតិវិធី ហើយក្រោយពីធ្វើការសាកសួរ របស់ព្រះរាជអាជ្ញា និងចៅក្រមសាលាដំបូងខេត្តហើយ ទើបសម្រេចចេញដីកាឃុំខ្លួនលោកវេជ្ជបណ្ឌិតរូបនោះជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតជាបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព