បណ្តាញសង្គម

​ខ្លាំងបាត់! ទាំងប្តីទាំងប្រពន្ធ ច្រើនដងហើយអត់ដឹង លុះបែកការណ៍ជាង១០ម៉ឺនដុល្លារ​

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីចោរកម្ម (កេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង ) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដោយយោងតាមពាក្យបណ្តឹងរបស់ដើមបណ្ដឹងឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្រធានសាខា AMK ព្រៃវែង។

ចំណែកជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ២៨ឆ្នាំ( ប្រធានហិរញឹកគ្រឹះស្ថាន AMK) និងប្ដីឈ្មោះ សុខ សុភារ៉ា អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ និងជាអ្នករៀបចំគំរោងឲ្យប្រពន្ធបន្លំលួចយកលុយពីកន្លែងធ្វើការ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធបានបន្លំលួចយកលុយជាច្រើនដង តែប្រធាន AMK សាខាក្រុងព្រៃវែងចាប់មិនបាន រហូតដល់លើកចុងក្រោយពេលដែលត្រូវចាប់បានគឺជនសង្ស័យលួចយកអស់ចំនួន១១៥៤០០ដុល្លារទៅហើយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យជាប្រពន្ធបានអោយដឹងថា មូលហេតុដែលនាងលួចលុយពីកន្លែងធ្វើការ គឺដោយសារតែបុរសជាប្ដីលេងល្បែងនៅភ្នំពេញ ហើយចាញ់អស់លុយ អត់មានលុយស្រង់ដើម ទើបរៀបគំរោងឲ្យនាងជាប្រពន្ធលួចលុយពីកន្លែងធ្វើការយកទៅលេងបន្ត ហើយដោយសារពេលលួចបាន២ទៅ៣ដងគេចាប់មិនបាន ទើបចេះតែលួចបន្ត រហូតត្រូវចាប់បានតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព