បណ្តាញសង្គម

រកឃើញសព មេប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ក្រោយបាត់ខ្លួន រយៈពេល២០ថ្ងៃ

កំពង់ចាម៖ សពនាយ នគរបាលប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។

មន្ដ្រីនគរបាល ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម បានឱ្យដឹងថា សពជន រងគ្រោះដែល សល់តែឆ្អឹង សំលៀកបំពាក់ មួក និងស្បែកជើងនោះ ត្រូវបានប្រជាពលរដ្ឋ ដែលទៅធ្វើ ស្រែប្រាំងប្រទះឃើញ នៅក្នុងព្រៃកក់ រួច ហើយក៏រាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យ បញ្ជាក់ថា សពនេះពិត ជាជនរងគ្រោះជា នាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ លោក ចាន់ សុផល ឬមួយយ៉ាងណានោះ ។

ជុំវិញការប្រទះឃើញ សពជនរងគ្រោះ ដែលស្លាប់បណ្ដាល មកពីក្រុមឆក់ត្រីនៅក្នុង បឹងក្រចាប់ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី បែន រត្ន័ បានបញ្ជាក់ថា ក្រោយពីធ្វើ កោសល្យវិច័យ តាមរយៈភិនភាគ សំលៀកបំពាក់ និងមួក (ការរៀបរាប់របស់ ក្រុមគ្រួសារ) ជនរងគ្រោះគឺ ជានាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ពិតប្រាកដ មែន ដែលបាត់ខ្លួនរយៈពេលប្រមាណ២០ ថ្ងៃមកនេះ ។

ស្នងការនគរបាល ខេត្ដកំពង់ចាម បានបន្ដ ថា បញ្ហាទី១ ដែលត្រូវធ្វើគឺ ប្រគល់សព និងចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ជូនក្រុម គ្រួសារ ដែលថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ដ ជាអ្នកទទួលខុសត្រូវ លើការចំណាយ ទី២ ការធ្វើរបាយការណ៍ ជាផ្លូវការ ជូនថ្នាក់លើ និងទី៣ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់តាមជំនាញ របស់ខ្លួន តាមចាប់ជនដៃ ដល់ ដែលជាប់ពាក់ព័ន្ធ ការសម្លាប់ជនរង គ្រោះ ។

សូមបញ្ជាក់ថា ក្រោយពីបាត់ ខ្លួននាយនគរបាល ប៉ុស្ដិ៍ឃុំស្វាយពោធិ៍ កាលពីវេលា ម៉ោងប្រមាណ ៧និង២០នាទី យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅបឹងក្រចាប់ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម មកនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានដឹកនាំកម្លាំង នគរបាលថ្នាក់ខេត្ដ ថ្នាក់ ស្រុក ថ្នាក់ឃុំ និងមានការចូលរួម ពីអាជ្ញាធរ កម្លាំងនគរបាល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ព្រមទាំងបង ប្អូនសាច់ញាតិ និងប្រជាពលរដ្ឋ នៅក្នុងភូមិ ជាច្រើននាក់ បានស្វែង រកជារៀងរាល់ថ្ងៃ ប៉ុន្ដែរកមិនឃើញដោយ សារតែស្ថានភាព បឹងក្រចាប់ធំ ល្វឹងល្វើយ សំបូរទៅដោយព្រៃកក់ ដើមឈើតូចៗនិង កត្ដាអាកាសធាតុផងដែរ ។

យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែង ទាំងកម្លាំង នគរបាល និងប្រជាពលរដ្ឋនោះ ទីបំផុត បានរកឃើញ សពជនរងគ្រោះនៅនឹង ព្រៃកក់ ប៉ុន្ដែសពស្ទើរ រលួយទាំងស្រុងទៅ ហើយនោះ ។

គួររំលឹកថា អំពើឃាតកម្ម ទៅលើនាយ នគរបាលប៉ុស្ដិ៍រូបនេះ បានកើតឡើងក្រោយ ពីកម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ដែលស្ថិតនៅប៉ែក ម្ខាងនៃបឹងក្រចាប់ បានបើកប្រតិបត្ដិការ បង្ក្រាប និងដេញចាប់ខ្លួន ក្រុមជនល្មើសដែល លួចឆក់ត្រី ដោយខុសច្បាប់ ប៉ុន្ដែនៅពេល ក្រុមចោរឆក់ត្រីទាំងនោះរត់ពីការតាមចាប់ របស់កម្លាំងសមត្ថកិច្ចខេត្ដកណ្ដាល ក៏ទៅពើប និងលោកមេប៉ុស្ដិ៍ដែលកំពុងចុះទៅមើល សកម្មភាពនេះ ក៏ត្រូវប៉ះទង្គិចគ្នាបណ្ដាលឱ្យ ស្លាប់តែម្ដង។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន នឹងដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្ត នឹងទៅចូលរួមពិធីបុណ្យសព ដើម្បីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិ ផងដែរ។ ដោយឡែក អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ក៏បានចូលរួមឧបត្ថម្ភ ថវិកាចំនួន៤លានរៀលផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល