បណ្តាញសង្គម

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀនជាង២គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនជាង២គីឡូក្រាម នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកក្កដានេះថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿង ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបនៅម៉ោង៧៖២៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយជនសង្ស័យមានឈ្មោះ រិន ដារ៉ា ហៅ ឈាវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគួកជេរថយន្ត។

លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីនគ្រាប់( WY) ទម្ងន់សុទ្ធ២០៩.៦៣ក្រាម, អ៉ិចស្តាស៊ីគ្រាប់ (LV) ទម្ងន់សុទ្ធ១៨.០៦ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៣.៩៥ក្រាម, អ៉ិចស្តាស៊ីទឹកទម្ងន់២០១៤.៤០ក្រាម (គិតទាំងសំបកដប), កញ្ឆាក្រៀមទម្ងន់៣៦.១៩ក្រាម, សំបកដបមិនទាន់ច្រកចូល៤៨៤សំបក, សំបកដបទឹកអាស៊ីត៤៨សំបក និងមានទឹក០១ដប និងមានឧបករណ៍កែឆ្នៃមួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS