បណ្តាញសង្គម

គ្រាន់តែ​ឃើញ​ភ្លាម កញ្ឆក់​ភ្លែត​ចុង​ក្រោយ​សារភាព​ទើប​ដឹង​ធ្លាប់​ហើយ​នៅ​មិន​រាង​ទៀត

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ក្រហមកំពុងតែជិះតាមផ្លូវ ហើយដកទូរស័ព្ទដៃមកចុចក៏ត្រូវបានជនសង្ស័យជិះម៉ូតូហុងដាវេវធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយជិះទៅបុកម៉ូតូគេដួលត្រូវបានសមត្ថកិច្ចក្របួចជាប់ភ្លាមៗតែម្តង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៤ ខែកក្កដានេះ តាមបណ្តោយផ្លូវ161 នៅចំណុចមុខវត្តសំពៅមាស ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ជនសង្ស័យមានឈ្មោះផាន សុផែន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ47A ផ្លូវ336 ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសាក្សីដែលគេឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសម្នាក់ជាជនជាតិចិនវ័យជាង៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1HQ – 7547 បើកបរតាមបណ្តោយផ្លូវ161 ទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុមុនវត្តសំពៅមាស ស្រាប់តែជនរងគ្រោះដកទូរស័ព្ទដៃរបស់គាត់មួយគ្រឿងមិនស្គាល់ម៉ាកនោះទេយកមកចុចភ្លាមៗនោះដែលក៏ជនសង្ស័យបានជិះម៉ូតូមកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយបើករត់គេចខ្លួនសំណាងអាក្រក់ជនសង្ស័យបើកទៅដល់ផ្លូវ161 កែងផ្លូវ182 សង្កាត់អូរឬស្សី២ ជនសង្ស័យជិះទៅបុកម៉ូតូរបស់អ្នកធ្វើដំណើរចំនួន២គ្រឿង ដែលមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលអោយដួល ហើយជនសង្ស័យបំរុងនឹងរត់គេចខ្លួនសំណាងល្អហើយដែលមានសមត្ថកិច្ចខណ្ឌ៧មករា មកអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗនោះយកទៅសួរនាំតែម្តង ។

ក្រោយមកជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចដោយផ្ទាល់មាត់ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះពិតមែន ។ កន្លងមកក៏ធ្លាប់ជាប់ពន្ធនាធាគារអស់រយៈពេលជិត៣ឆ្នាំពីបទឆក់ទូរស័ព្ទដៃដូចគ្នា ចំនែកឯជនរងគ្រោះវិញដួលរងរបួសត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនឹងកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព