បណ្តាញសង្គម

អាជ្ញាធរចាប់ផ្តើមចេញវិធានការក្តៅ និងបានស្ទួចរថយន្ដចំនួន ១៥គ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ នៅក្រុងព្រះសីហនុ, រថយន្តយកមករក្សាទុក ដើម្បីផាកពិន័យ និងព្រមានឲ្យរាងចាល

(ព្រះសីហនុ)៖ រថយន្ដចំនួន ១៥គ្រឿង ដែលចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ យកមករក្សាទុកនៅសាលាក្រុង ដើម្បីផាកពិន័យ និងព្រមានឲ្យរាងចាល។ នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់មកអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្រោយប្រកាសឲ្យចូលកាន់តំណែងកាលពីចុងខែមិថុនា លោក គួច ចំរើន ធ្លាប់បានបញ្ជាក់ថា ការងារដំបូងដែលលោកត្រូវអនុវត្ដមុនគេ គឺការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងខេត្ត ធ្វើយ៉ាងណាឲ្យខេត្តមួយនេះ មានសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរឡើងវិញ។

នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើននាក់ ក្នុងឱកាសចូលកាន់តំណែង លោក គួច ចំរើន ក៏បានប្តេជ្ញាក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ ជូនប្រជាជនក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរតបតាមការ ចង់បាន និងកំពុងសម្លឹងមើលពីគ្រប់មជ្ឈដ្ឋាន លើទឹកដីខេត្តទេសចរណ៍ដ៏ស្មុគស្មាញមួយនេះ។

នាពេលថ្មីៗនេះ លោក គួច ចំរើន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែក ក្នុងក្រុងព្រះសីហនុ និងបានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក ត្រូវផ្អាកសកម្មភាព សាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាព នៃសំណង់រួចសិន នឹងធ្វើការសម្រេចជាក្រោយ៕

ដកស្រង់ពី៖FRESH NEWS