បណ្តាញសង្គម

ឆក់ទូរស័ព្ទដៃជនជាតិចិននៅក្រុងព្រះសីហនុ ត្រូវនគរបាលតាមបង្ក្រាបបានម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជាជនជាតិចិន បានសម្រេច និងបានរត់គេចខ្លួនបានមួយចំអិនកំពិស ក៏ត្រូវកម្លាំងជំនាញបង្ក្រាបនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ មានករណីចោរឆក់ទូរស័ព្ទដៃ បុរសជនជាតិចិនម្នាក់ នៅចំណុចតាមផ្លូវកាស៊ីណូ ហ្គោលឌិនរ៉ូយ៉ាល់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើង ដោយជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃជនបុរសជាតិចិនម្នាក់ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបតាមផ្លូវ រួចបន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

តាមរបាយការណ៍ដដែល បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។ ជនសង្ស័យឈ្មោះ នី ជា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅគីឡូលេខ៦ ភូមិឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ZHANG HUIWU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខៈ E04942621 ស្នាក់នៅសណ្ឋាគារឯករាជ្យភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE XS MAX ពណ៌ទឹកមាសម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ស ស្លាកលេខភ្នំពេញ1HP-3802 ជាមធ្យោបាយជិះធ្វើសកម្មភាព។

ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះ និត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅគីឡូលេខ៧ ភូមិឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS