បណ្តាញសង្គម

ជិះម៉ូតូ​ប៊ិះ​ឆ្មក់​សម្រេច​ ចប់ត្រឹមគេស្រែកផ្អើល​នាំគ្នាដេញចាប់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលតាមបណ្តាលប៉ុស្តិ៍ ភ្នំពេញថ្មីនិងគោកឃ្លៀងដេញឃាត់ខ្លួនបាន ខណៈពេលជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់សំភារៈពីអ្នកដំណើរជិះលើរ៉ឺម៉កម៉ូតូកង់បីមិនបានសម្រេច ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥៣នាទីព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយវិថីឧកញ៉ាម៉ុងឬទ្ធី ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះពៅ សុខវឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានលំនៅក្នុងបុរីពិភពថ្មី ក្បែរកន្លែងកើតហេតុ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GK-២១៩២ ។

ចំណែកបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះឡើយ ហើយក៏ពុំបានមកដាក់ពាក្យបណ្តឹងអ្វីដែរ។តាមប្រភពពីសាក្សីបានអោយដឹងថា ជនសង្ស័យ មានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ។ នៅមុនពេលកើតហេតុ គេឃើញ រ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងដឹកបុរសម្នាក់ធ្វើដំណើរតាមវីថីឧកញ៉ា ម៉ុងឬទ្ធី ក្នុងទិសដៅពីកើតទៅលិច ។

លុះពេលធ្វើដំណើរ ជិតដល់ស្តុបចូលផ្សារអ៊ីអន២ ស្រាប់តែជនសង្ស័យ ម្នាក់ដែលចាប់ខ្លួនបានក៍ស៊ីញ៉ូជនសង្ស័យម្នាក់ទៀតអោយបត់ត្រឡប់ក្រោយ ហើយជនសង្ស័យ២នាក់ក៏បានជិះម៉ូតូតាមអែបរ៉ឺម៉កម៉ូតូកង់បីនោះ បន្ទាប់មកជនសង្ស័យម្នាក់ក៏បានធ្វើសកម្មភាពឆក់កាបូប ពីបុរសម្នាក់ជិះលើរ៉ឺម៉កម៉ូតូកង់បី តែមិនបានសម្រេច ។តាមប្រភពដដែលបានអោយដឹងទៀតថា ពេលនោះត្រូវបានបុរសរងគ្រោះស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរដែលឃើញហេតុការណ៍ នាំគ្នាដេញតាមនិងបានទាក់ទងទៅនគរបាលជួយអន្តរាគមន៍ដេញតាម ហើយក៏ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ នៅចំណុច ក្រោយវត្តសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លៀង។

ចំណែកជនសង្ស័យ ម្នាក់ទៀតបានជិះម៉ូតូ គេចខ្លួនបាត់។ជនសង្ស័យ ម្នាក់ខាងលើជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព