បណ្តាញសង្គម

ខ្លាំង​បាត់​! បង្ខំ​ឱ្យ​ហូប​សាច់​ឆ្កែ គេ​មិន​ព្រម ដេញ​សម្លាប់​ផ្តាច់ជីវិត

ខេត្តកំពង់ឆ្នាំង ៖ ទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីរឿងបង្ខំឱ្យផឹកស្រាបៀរ និងហូបសាច់ឆ្កែ តែជនរងគ្រោះមិនព្រម ទើបធ្វើឱ្យជនសង្ស័យខឹងដេញកាប់ជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងផឹកស៊ី ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុសមត្ថកិច្ចឃាត់ខ្លួនបានតែអ្នកផឹកស៊ីចំនួន២នាក់ផ្សេងទៀតយកទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងឃុំសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។បុរសមួយក្រុមខាងលើ ក្នុងនោះ ១-ឈ្មោះ គក់ ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ជាជនដៃដល់ បានរត់គេចខ្លួនបាត់ ២-ឈ្មោះឈួន ថន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ៣-ឈ្មោះតន រឺន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និង៤-ឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិករ បានស្លាប់ ។ អ្នកទាំង៤រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពីសមត្ថកិច្ចចុះពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះរបស់ជនដៃដល់ឈ្មោះគក់ ខ្លី បានជុំគ្នាផឹកស៊ីជាមួយឈ្មោះឈួន ថន និងឈ្មោះតន រឺន ដោយនាំគ្នាផឹកស្រាថ្នាំអស់មួយលីត្រ បន្ទាប់មកក៏ទិញស្រាបៀរ១កេស និងសាច់ឆ្កែ យកមកផឹកបន្តទៀត លុះពេលត្រឡប់មកពីទិញវិញ ក៏បានបបួលជនរងគ្រោះមកផឹកជាមួយ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនដៃដល់បានបង្ខំជនរងគ្រោះឲ្យផឹកស្រាបៀរ និងហូបសាច់ឆ្កែ តែជនរងគ្រោះមិនព្រម សុខចិត្តផឹកស្រាថ្នាំវិញ ជាហេតុធ្វើអោយជនដៃដល់មានការខឹងសម្បា ហើយក៏បានទាស់ពាក្យសំដីគ្នា ស្រាប់តែជនដៃដល់ស្ទុះទៅទាញយកកាំបិតផ្គាក់មកកាប់ចំគល់ថ្គាមជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ពេលនោះជនរងគ្រោះបានព្យាយាមរត់គេចបានចំងាយប្រមាណ១០០ម៉ែត្រ ក៏ត្រូវជនដៃដល់រត់ដេញតាមកាប់ បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅតាមផ្លូវតែម្ដង ។

បន្ទាប់ពីកើតហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ ចំណែកអ្នកផឹកស៊ីជាមួយគ្នា២នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព