បណ្តាញសង្គម

ឆ្លៀត​ខ្លាំង​ម្ល៉េះ​! បាន​សម្រេច​ហើយ នៅ​ប្រព្រឹត្ត​​បន្ត​ទៀត ចុង​ក្រោយ​ឃើញ​ទាន់​បែកធ្លាយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យវ័យក្មេង៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកដំណើរម្នាក់បានសម្រេច បន្ទាប់មកជិះម៉ូតូរត់គេចខ្លួនហើយបក្សពួកម្នាក់ទៀតបានយកកាបូបដែលឆក់បាន រួមនឹងម៉ូតូជិះធ្វើសកម្មភាពទៅទុក។

បន្ទាប់មកនៅ២នាក់ទៀតបានហៅម៉ូតូឌុប១គ្រឿងជិះបន្តទៅធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងផ្សេងទៀត ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោ ហើយប្រជាពលរដ្ឋនាំគ្នាជួយឡោមព័ទ្ធចាប់បានម្នាក់ភ្លាមៗ ចំណែកបក្សពួករង់គេចខ្លួនរួច ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដោយកាបូកឆក់នៅតាមផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅលួចម៉ូតូនៅត្រង់ចំណុចខាងក្រោយសួនកុមារពោធិ៍ចិនតុង ស្ថិងក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យដែលចាប់ខ្លួន ឈ្មោះ សំ សៅ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិត្រពាំងវៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ចំណែកបក្សពួកម្នាក់ដែលរត់គេចខ្លួនឈ្មោះនិត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ដោយឡែកអ្នកទទួលទុកកាបូបដែលឆក់បានរួមជាមួយជិះធ្វើសកម្មភាពនោះមិនទាន់ស្គាល់ឈ្មោះឡើយទេ។

បើតាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ នៅតាមដងផ្លូវសារធារណៈនេះចំនួន៣លើកមកហើយ ។ តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១១០ (អាសង់ប៊ិច)១គ្រឿងចេញធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់លើផ្លូវ២០០៤ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ។

លុះក្រោយពេលឆក់បានសម្រេចហើយក៏ជិះម៉ូតូរត់គេចខ្លួន ហើយបក្សពួកម្នាក់បានយកកាបូបដែលឆក់បាននោះទុក បន្ទាប់មកឈ្មោះសំ សៅ និងឈ្មោះនិត បានហៅម៉ូតូឌុបជិះពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពញថ្មី មកឈប់នៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង តែត្រូវម្ចាស់ទាន់ស្រែកផ្អើល ហើយប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបានតែម្តង ។

ក្រោយពេលចាប់ខ្លួនជននោះ ត្រូវបាននគរបាលនាំទៅសាកសួរ និងនាំទៅតាមស្វែងរកចាប់ខ្លួនបក្សពួកនៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឃាត់ខ្លួនបានម្នាក់ ឈ្មោះ ថែល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបម្រើការងារហាង ។ តែជននេះបានបដិសេធន៍ ថា ខ្លួនមិនដែលស្គាល់ជនសង្ស័យរូបនេះឡើយ ហើយខ្លួនក៏មិនដែលប្រព្រឹត្តបទល្មើសលួច ឆក់ឡើយ គឺធ្វើតែការរងារនៅក្នុងហាងប៉ុណ្ណោះ។

ដកស្រង់ពី៖កោះសន្តិភាព