រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា សកម្មភាពចេញបង្ក្រាបដូចភ្លៀងរលឹមនោះកាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញការិយាល័យទី៧ ដោយមានការសម្របសម្រួលពីលោក សឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅចំណុចតាមផ្លូវសាធារណៈ ស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌស្ទឹងពោធិ៍សែនជ័យ វត្ថុតាងចាប់យកសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ប្រមាណ៩៨៦.៦៧ ក្រាម (ជិត១គីឡូក្រាម), ជញ្ជីងថ្លឹង១ និងទូរស័ព្ទដៃ១គ្រឿង ។
ជនសង្ស័យម្នាក់នោះឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី (ស្លៀកពាក់ និងតែងតួធ្វើប្រុស) អាយុ២៨ឆ្នាំជន មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ដកស្រង់ពី៖កោះសន្តិភាព