បណ្តាញសង្គម

ស្គាល់​តាម Facebook ប៉ុន្មាន​ខែ លេង​ល្បិច​១​ក្បាច់​ម៉ា​ស្អាត​ដាក់​ជន​រង​គ្រោះ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនរងគ្រោះម្នាក់ស្គាល់មិត្តភក្តិម្នាក់ទៀតតាមរយៈលេងហ្គេម និងតាម facebook បានប៉ុន្មានខែសោះក៏ខ្ចីម៉ូតូម៉ាកហុងដាឌ្រីមទៅទិញសាច់គោដុត ស្រាប់តែយកទៅបញ្ចាំបាត់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចផ្លូវចូលនឹងភោជនីដ្ឋានបុប្ផារាជធានី ស្ថិតក្នុងសង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះនិន គឹមហួរ ភេទប្រុស អាយុ30ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ ចំណែកជនសង្ស័យឈ្មោះ ឡេង វ៉ាល់ហួរ ភេទប្រុស អាយុ24ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រីឯម៉ូតូដែលខ្ចីទៅបញ្ចាំបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី2018 ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់ទើបតែស្គាល់គ្នាជាមួយនឹងមិត្តភក្តិម្នាក់ទៀតតាមរយៈការលេងហ្គេមអ៊ីនធើរណេត និងលេង Facebook ហើយទើបតែស្គាល់បានប៉ុន្មានខែក៏ខ្ចីម៉ូតូរបស់គាត់ម៉ាកហុងដាឌ្រីមដោយថា ជិះទៅទិញគោដុតយកមកក្លែម ប៉ុន្តែជននោះចេញទៅតាំងពីម៉ោង6ល្ងាចជាង រហូតដល់ម៉ោងកើតហេតុ គឺបាត់ជាង១ម៉ោងកន្លះទៅ២ម៉ោងទៅហើយក៏មិនឃើញមកវិញ ទើបគាត់ហៅម្តាយបង្កើតឱ្យជួយដើររក ។

ប្រភពដដែលបន្តថា ក្រោយមកបងប្អូនរបស់ជនរងគ្រោះក៏តេទៅគំរាមជនសង្ស័យថា ប្រញាប់យកម៉ូតូឱ្យជនរងគ្រោះវិញ បើសិនជាមិនយកឱ្យទេ គាត់នឹងតេទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង ខណៈពេលនោះជនសង្ស័យភ័យស្លន់ស្លោក៏ឱ្យជនរងគ្រោះមកជួបនៅឃ្លាំងរំសេវ ។

ប្រភពដដែលបន្តទៀតថា ប៉ុន្តែមុនពេលជនសង្ស័យណាត់ជួបជនរងគ្រោះនោះ គឺជនសង្ស័យបានយកម៉ូតូបញ្ចាំបាត់បាត់ទៅហើយដោយមិនបាច់ប្រើអត្តសញ្ញាណប័ណ្ណនោះទេ ក្នុងតំលៃ300$ រួចជនសង្ស័យក៏យកលុយនោះទៅលេងហ្គេមបាញ់ត្រី និងលោះយកទូរស័ព្ទដៃចំនួន80$មកវិញ ។

ខណៈពេលនោះដែលសាច់ញ្ញាត្តិរបស់ជនរងគ្រោះមកដល់ ឃើញបែបនេះក៏ឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ1 ដើម្បីចាត់ការទៅតាមនីតិវិធីតែម្ង ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ។

ដកស្រង់ពី៖កោះសន្តិភាព