បណ្តាញសង្គម

ឃើញ​ភ្លើង​ស៊ី​ញ៉ូ​លោត​ភ្លឹបភ្លែត​ៗ ម្ចាស់​ឆ្ងល់​ពេក​ក៏​ទៅ​មើល​ស្រែកផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន១ដើម្បីយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះបានធ្វើសកម្មភាពលួចយកម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះម្នាក់ដែលចតទុករង់ចាំឌុបម៉ូយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ ជិតក្លឹបកំសាន្តប្លូឡាញ នៅផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ។ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ១-ឈ្មោះ ប៉ាត់ ភេទប្រុស មុខរបរកម្មករដាំបន្លែ ស្នាក់នៅស្អាងព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ២-ឈ្មោះ ថុល លីឆេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និង៣-ឈ្មោះ កែវ សុធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិបឹងត្រែង ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ចំណែកជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលម្តុំកប់ស្រូវ សង្កាត់សំរោងក្រោម ភូមិអក្សរ ខណ្ឌពោធិសែនជ័យ ហើយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលជនសង្ស័យធ្វើសកម្មភាពលួចយកគឺពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HG-៨៤៥៦ ។

តាមសម្តីបុរសជាជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូកង់បីឥណ្ឌារបស់គាត់នៅចិញ្ចើមផ្លូវ រង់ចាំឌុបម៉ូយ ហើយពេលដែលគាត់បានទុកម៉ូតូកង់បីឥណ្ឌាចោលដោយមានម៉ូតូកង់៣ផ្សេងៗទៀតនៅជិតគ្នាផងដែរ ហើយគាត់ដើរទៅរកហៅម៉ូយដែលចេញពីក្លឹប ខណៈគាត់កំពុងតែឈរហៅម៉ូយក៏បានក្រឡេកមើលម៉ូតូកង់បីឥណ្ឌា ស្រាប់តែឃើញលោតភ្លើងស៊ីញ៉ូភ្លឹបភ្លែតៗ ។

តាមប្រភពដដែលបានបន្តថា ដោយគាត់មិនបានទុកសោនៅលើម៉ូតូកង់បីឥណ្ឌានោះទេ តែបែរជាឃើញម៉ូតូកង់បីលោតភ្លើងស៊ីញ៉ូភ្លឹបភ្លែតៗបែបនេះ ធ្វើឱ្យគាត់មានការងឿងឆ្ងល់ពេកក៏បានដើរទៅមើលឃើញក្រុមជនសង្ស័យកំពុងតែធ្វើសកម្មភាពតខ្សែដើម្បីបញ្ឆេះជិះចេញទៅ ពេលនោះគាត់ស្រែកឆោឡោផ្អើលឱ្យគេជួយ ធ្វើអោយជនសង្ស័យទាំងនោះភ័យស្លន់ស្លោនាំគ្នារត់គេចចូលផ្លូវទាល់ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាសហការដេញឃាត់ខ្លួនបានទាំង៣នាក់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន១ ធ្វើការសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនបានចេញពីក្លឹបប្លូឡាញមកហើយពួកខ្លួនពិតជាបានផ្សំគំនិតគ្នាធ្វើសកម្មភាពលួចយកម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះប្រាកដមែន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព