Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃស៊េរីទំនើបៗជាង៧០គ្រឿងមានតម្លៃរាប់ពាន់ដុល្លារដែលម្ចាស់រៀបចំទុកដាក់បិទតូបក្រោយពីការដាក់លក់ពេញ១ថ្ងៃនោះ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឡើងគាស់ដំបូលរួចយកអង្រឹងចងសម្រូតខ្លួនចូលទៅក្នុងហាងលួចយកអស់ ខណៈពេលដែលម្ចាស់ដេកលង់លក់ពេលយប់នៅជាន់ខាងលើ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ «ជីឃាង» មានទីតាំងស្ថិតនៅ ផ្ទះលេខ៧M ផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ម្ចាស់ហាងរងគ្រោះខាងលើឈ្មោះជី ឃាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ចំណែកទូរស័ព្ទដៃដែលបាត់បង់មានចំនួនជាង៧០គ្រឿង ។

តាមប្រភពពីម្ចាស់ហាងរងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា ក្រោយពីការដាក់លក់ពេញមួយថ្ងៃ តាំងពីព្រឹករហូតដល់ល្ងាចនោះ គឺនៅវេលាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ មុនពេលកើតហេតុ គាត់និងក្រុមគ្រួសារបានរៀបចំទុកដាក់អីវាន់ និងបិទទ្វារចាក់សោរខ្ទាស់គន្លឹះយ៉ាងត្រឹមត្រូវមិនហ៊ានប្រហែសនោះទេ ព្រោះនៅក្នុងហាងសុទ្ធតែទូរស័ព្ទទំនើបៗហើយថ្លៃៗទៀតផង។

តាមប្រភពដដែលបានបន្តថា ក្រោយពេលរៀបចំបិទហាងរួចរាល់ ទើបនាំគ្នាហូបបាយល្ងាចនិងឡើងទៅដេកនៅជាន់លើហើយក៏បានដេកលង់លក់ដោយមិនដឹងខ្លួន និងមិនបានដឹងថា ក្រុមជនសង្ស័យចូលទៅធ្វើសកម្មភាពលួចនៅពេលណាឡើយ។

លុះពេលគាត់ភ្ញាក់ពីដេក ចុះមករៀបចំអីវ៉ាន់លក់ដូរវិញ ស្រាប់តែឃើញទ្វាទូដាក់ទូរស័ព្ទចំហរ និងបាត់ទូរស័ព្ទអស់ចំនួនជាង៧០គ្រឿង ហើយដំបូលមានស្នាមកាត់ចោះប្រហោងនិងមានអង្រឹងចងទម្លាក់សម្រូតខ្លួនចូលទៅក្នុងហាងនោះថែមទៀតផង។បន្ទាប់មកគាត់ក៏បានទៅប្តឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ឲ្យជួយធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់តែម្តង។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្យិ៍ចោមចៅ២បានចុះទៅពិត្យមើលជាក់ស្ដែង ហើយរាយការណ៍ទៅកាន់ថ្នាក់លើរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ទើបកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យដើម្បីស្រាវជ្រាវលើករណីនេះហើយដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព