បណ្តាញសង្គម

សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​

រាជធានីភ្នំពេញ ៖ ដែកដែលអ្នកភូមិទិញយកមកសាងសង់ដំបូល ឬសំយ៉ាបផ្ទះហើយគរទុកនៅមុខផ្ទះ ត្រូវបានយុវជនសង្ស័យ២នាក់តែងតែធ្វើសកម្មភាពលួចដែកនៅពេលយប់ និងលួចបានសម្រេចជាច្រើនលើកមកហើយ ។

ដោយសារតែបែបនេះទើបធ្វើឲ្យជនសង្ស័យទាំង២នាក់នៅតែហ៊ានប្រព្រឹត្តទៀត លុះនៅចុងក្រោយក៏បានធ្វើសកម្មភាពលួចយកដែកដែលជាងផ្សាធ្វើជាធ្នឹមដំបូលដែរ ប៉ុន្តែមិនទាន់បានលើកបំពាក់នៅឡើយ លុះក្រោយពេលលួចបានក៏លើកដាក់លើរទេះអូសចេញ តែជាសំណាងអាក្រក់ជួបកម្លាំងនគរបាលកំពុងល្បាតក៏ចាប់ខ្លួនបានម្នាក់សួរនាំ និងចាត់ការតាមច្បាប់តែម្ដង ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍ខាងលើនេះបានកើតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះកំពុងសាងសង់ថ្មី ដែលមានស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើឈ្មោះពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ហើយក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យទឹកនោមរកឃើញថា ជនសង្ស័យម្នាក់នេះមានប្រើប្រាស់សារធាតុញៀនផងដែរ ។

ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះពៅ អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពលួចដែកធ្នឹមចំនួន៣ផ្ទាំងដែលជាកម្មសិទ្ធរបស់បុរសម្នាក់ឈ្មោះ ម៉ក់ ណាក់ អាយុ៥២ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយដែកទាំងនោះត្រូវបានដកហូតបានមកវិញ រួមជាមួយរទេះអូសអេតចាយ១គ្រឿងដែលជារបស់ជនសង្ស័យផងដែរ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានចេញល្បាតដើម្បីបង្ការ និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានដូចសព្វដង លុះពេលល្បាតដល់ចំណុចផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី២ ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើនេះកំពុងអូសរទេះអេតចាយមានដឹកដែកធ្នឹមដំបូលគួរឲ្យសង្ស័យ ខណៈនោះកម្លាំងនគរបាលបានចូលទៅជិតដើម្បីសួរនាំ ប៉ុន្តែភ្លាមៗនោះជនសង្ស័យបានរត់គេចខ្លួន តែកម្លាំងនគរបាលដេញតាមចាប់បានម្នាក់នាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ហើយក៏បានតាមរកជនសង្ស័យដែលរត់គេចខ្លួននោះដែរ ប៉ុន្តែរកមិនឃើញឡើយ។

តាមប្រភពដដែលបានបន្តថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ពេជ្រ ណារិទ្ធ បានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះពៅ ពិតជាបានធ្វើសកម្មភាពលួចដែកខាងលើនោះប្រាកដមែន ហើយកន្លងមកពួកខ្លួនក៏ធ្លាប់ធ្វើសកម្មភាពលួចយកដែករបស់ប្រជាពលរដ្ឋដែលទុកចោលមុខផ្ទះជាច្រើនដងមកហើយដែរ លុះចុងក្រោយក៏ត្រូវអស់លក្ខណ៍បែបនេះតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព