បណ្តាញសង្គម

ជនបង្កបើកឡានបុកសិស្សសាលា មុនថ្ងៃប្រឡងបាក់ឌុបស្លាប់ នៅខណ្ឌជ្រោយចង្វារ ត្រូវតុលាការសម្រេចឃុំខ្លួន

(ភ្នំពេញ)៖ ជនបង្កដែលបើករថយន្ដបុកសិស្សសាលាស្លាប់ម្នាក់ និងរបួសម្នាក់ទៀតផ្សេង មុនថ្ងៃប្រឡងបាក់ឌុប នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៦ កែងមហាវថីឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា ជនបង្កឈ្មោះ អេង ទិត្យ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទបញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យស្លាប់អ្នកដ៏ទៃ»។

សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បណ្ដាលឲ្យកូនស្រីស្លាប់យ៉ាងអាណោចអាធម៌ ឯឪពុករងរបួសស្រាល នៅខណៈដែលជិះម៉ូតូឌុបគ្នា នាំយកផ្លែឈើបន្តិចបន្តួច ដើម្បីត្រៀមយកទៅហូប នៅពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» នៅមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្វែកមួយនេះបង្កឡើង ដោយរថយន្តដឹកឥដ្ឋ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ បើកបរដោយបុរសម្នាក់ឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្បូវ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ត្រូវបានឃាត់ខ្លួនចាត់ការតាមនិតិវិធី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា បើតាមបុរសរងគ្រោះជាឪពុកឈ្មោះ អ៊ុយ ឌីស៊ុន អាយុ៦០ឆ្នាំ ជាអាជីវករ រងរបួសស្រាល ដោយឡែក កូនស្រីរបស់គាត់ស្លាប់ឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ សិរីមង្គល រការកោង មានលំនៅភូមិ រការកោង១ ឃុំរការកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល៕

ដកស្រង់ពី៖កោះសន្តិភាព