បណ្តាញសង្គម

​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនមិនស្គាល់មុខបានលួចគាស់កញ្ចក់រថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកតាក់ស៊ីម្នាក់ ដែលគេសង្ស័យអាចកើតឡើងនៅចន្លោះវេលាម៉ោង៣ ទៅម៉ោង៧ព្រឹកថ្ងៃ ទី២២ សីហា នេះ ស្ថតនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

នេះបើយោងតាមប្រភពពីសមត្ថកិច្ច ។សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវចោរគាស់កញ្ចក់នោះ ម៉ាកតូយូតាស៊ីណា ពណ៌.ស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ2L-8166 របស់ជនរងគ្រោះឈ្មោះ រឺន មករា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី និងរស់នៅចំណុចភូមិ-ឃុំកើហេតុខាងលើ ។

រថយន្តបានខូចខាតកញ្ចក់រថយន្តមួយផ្ទាំង តែមិនមានការបាត់បង់សម្ភារ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះអត់មានទ្រព្យអ្វីនៅក្នុងរថយន្ត។ ម្ចាស់រថយន្តបាននិយាយប្រាប់សមត្ថកិច្ចថា ជារៀងរាល់ថ្ងៃគាត់តែងចតរថយន្តទុកនៅខាងមុខផ្ទះ ហើយនៅយប់កើតហេតុ គាត់មិនបានដឹងថា មានរឿងអ្វីកើតឡើងទេ តែបានដឹងពេលព្រឹកឡើង ពេលភ្ញាក់ពីដេក ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ទោះយ៉ាងណា បើតាមសមត្ថកិច្ខថា គេមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ រហូតដល់ពេលនេះ ។ ប៉ុន្តែមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេតលើករណីនេះហើយ ។

ដកស្រង់ពី៖កោះសន្តិភាព