បណ្តាញសង្គម

ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

ខេត្តកណ្តាល ៖ ករណីហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា ប៉ូលិសចាប់ដាក់ខ្នោះកូនរបស់គាត់ ហើយបានវាយធ្វើបាបរហូតធ្លាក់ឈាមនៅស្រុកកោះធំកំពុងស្រែករកយុត្តិធម៌។ ស្ត្រីជាម្តាយឈ្មោះ ប្រាង ម៉ុម អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៧ សីហា មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

នៅថ្ងៃនោះដែរ កូនប្រុសរបស់គាត់ឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ ។ រហូតដល់ម៉ោង២៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល កូនប្រុសរបស់នាងខ្ញុំបានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចខ្លោងទ្វារវត្តជាប់ផ្លូវជាតិក៏បានជួបឈ្មោះ ណន ឧត្តម និងបក្សពួក ហើយក៏បាននិយាយគ្នាទាក់សម្តីគ្នាបន្តិចបន្តួច។

ស្រាប់តែប៉ូលិសប៉ុស្តិ៍ឈ្មោះ ណន ឧត្តម និងបក្សពួកចាប់កូនប្រុសរបស់នាងខ្ញុំដាក់ខ្នោះវាយធ្វើបាបទាត់ធាក់ បណ្តាលឱ្យហូរឈាមតាមច្រមុះ តាមមាត់ តាមត្រចៀករងរបួសជាទម្ងន់ ។ ស្ត្រីដដែលបានបន្តទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់ឱ្យមកសម្របសម្រួលបញ្ចប់រឿងពីរលើកហើយនៅអធិការដ្ឋានស្រុកកោះធំម្តង និងនៅស្នងការដ្ឋាននគរ បាលខេត្តម្តង តែជនបង្កមិនព្រមសារភាព គឺពិតជាអយុត្តិធម៌សម្រាប់គាត់ និងកូនគាត់ខ្លាំងណាស់ ។

ជាចុងក្រោយគាត់បានសំណូមពរឱ្យជនបង្កត្រូវឆ្លើយសារភាព និងទាមទារសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥០០០ដុល្លារ ។លោក ចាន់ វ័រ មេប៉ុស្តិ៍នគរបាលជ្រោយតាកែវបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្សពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិ៍នៅក្នុងនោះដែរ ហើយក្រុមឈ្មោះ ឃន វ៉ាន់នី និងបក្សពួកក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើកូនចៅរបស់លោក ហើយថែមទាំងឡើងជង្គង់មួយជង្គង់ ក៏មានការប្រតាយប្រតប់គ្នាតែម្តងទៅ ។

លោកបានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះនោះទេ ។ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះដែរ លោកឧត្តមសេនីយ៌ទោ អ៊ាវ ចំរើន ស្នង ការនគរបាលខេត្តកណ្តាល បានថ្លែងឱ្យដឹងថាសំណុំរឿងបានបញ្ជូនទៅតុលាការអស់ហើយ ៕

ដកស្រង់ពី៖កោះសនិ្តភាព