បណ្តាញសង្គម

ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប្លិ៍ដែលនៅលើបង្គោលភ្លើងតាមដងផ្លូវ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋាន BBQ កូរ៉េហ្គូង ស្ថិតតាមបណ្ដោយផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ផុច ចាន់ធិក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលពួកគាត់កំពុងតែដេកលង់លក់នៅខាងក្នុងផ្ទះ ក៏ស្រាប់តែឮសំឡេងក្តុងក្តាំងនៅលើដំបូលផ្ទះស័ង្កសីរបស់គាត់ ហើយមួយស្ទុះក្រោយមកពេលដែលគាត់ចេញមកមើលស្រាប់តែឃើញខ្សែកាប្លិ៍មួយខ្សែបានដាច់ធ្លាក់ចុះមកលើដី ពេលនោះជនសង្ស័យក៏បានទម្លាក់កន្ត្រៃចុះ រួចក៏ដើរចេញពីកន្លែងកើតហេតុ ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់។ ភ្លាមៗនោះក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយធ្វើការអន្តរាគមន៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឡើងកាត់ខ្សែកាប្លិ៍ដែលនៅលើបង្គោលភ្លើងតាមដងផ្លូវប្រាកដមែន។ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំចាត់ការទៅតាមនីតិវិធីជាបន្តទៀតនៅពេលក្រោយទៀត៕

ដកស្រង់ពី៖កោះសន្តិភាព