បណ្តាញសង្គម

មិនធម្មតា​ទេ ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម បន្ទប់ផ្ទះជួលរបស់បុគ្គលិកចាក់សាំងម្នាក់ ត្រូវបានក្រុមចោរចូលគាស់ផ្ទះប្រមូលយកហ្មត់ អស់ប្រមាណជាង១ពាន់ដុល្លារ សូម្បីតែអង្ករក៏មិនទុកអោយដែរ ។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១យប់ ចូលថ្ងៃទី២៣ ខែសីហានេះ នៅចំណុចបន្ទប់ជួលលេខ៤ ផ្ទះលេខ២អា ផ្លូវលំក្នុងភូមិ សេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។អ្វីដែលធ្វើអោយចាប់អារម្មណ៍ប្រជាពលរដ្ឋបានអះអាងថា តំបន់នេះជាសំបុកចោរត្រូវបានក្រុមចោររាត្បាតចូលគាស់ផ្ទះជាបន្តបន្ទាប់ ។

ជនរងគ្រោះដែលត្រូវចោរគាស់ផ្ទះនោះឈ្មោះ ងូយ រតនៈ ភេទប្រុស អាយុ២០ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ និងជាបុគ្គលិកចាក់សាំងសូគីម៉ិច មានលំនៅស្នាក់នៅបន្ទប់ជួលខាងលើ និងមានស្រុកកំណើតភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមបុគ្គលិកចាក់សាំងរូបនោះបានអោយដឹងថា ក្រៅពីការងារធ្វើជាជាងម៉ាស៊ីនត្រជាក់ និងរៀនសូត្រ ខ្លួនបានឆ្លៀតពេលធ្វើការងារចាក់សាំងសូគីម៉ិចនៅស្ថានីយប្រេងពោធិ៍តុង ដោយចូលធ្វើការម៉ោង៩យប់ចេញមកវិញនៅវេលាម៉ោង១យប់ ។ នៅពេលដែលចេញពីធ្វើការមកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះចំហត្រូវចោរគាស់រើកកាយយករបស់របស់មានតម្លៃអស់ សូម្បីតែអង្ករ ប្រមាណ២០គីឡូក្រាម ត្រូវបានចោរប្រមូលយកដែរ ។

តាមជនរងគ្រោះបានអោយដឹងទៀតថា សម្ភារដែលត្រូវចោរគាស់យកទៅនោះ រួមមានកំព្យូទ័រចំនួន២គ្រឿង , ទូរស័ព្ទដៃម៉ាកសាំងស៊ុង១គ្រឿង ,អូម៉ែត្រវាស់ភ្លើងចំនួន២,ម៉ាស៊ីនបុក២គ្រឿង ,ម៉ូទ័រលាងម៉ាស៊ីនត្រជាក់១ និងប្រដាប់សម្រាប់ធ្វើម៉ាស៊ីនត្រជាក់មួយឈុត និងអង្ករប្រមាណ២០គីឡូក្រាម ដែលគិតជា ប្រាក់ប្រមាណជាង១ពាន់ដុល្លារ ។

ទន្ទឹមភ្ញាក់ផ្អើលនោះគេឃើញបុរសម្នាក់ដែលគ្រួសាររបស់គាត់ឈ្មោះ រឿង សុផល បានជួល នៅទីនោះដែលបានអោយដឹងថា តំបន់នោះជាសំបុកចោរ គ្រាន់តែផ្ទះគ្រួសារគាត់ត្រូវបានចោរគាស់លួចយកអស់៤ដងមកហើយ ។

បន្ទាប់ពីត្រូវចោរគាស់ផ្ទះបុគ្គលិកចាក់សាំងរូបនោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាផងដែរ ។ តាមជនរងគ្រោះក៏បានបញ្ជាក់ថា ក្រុមចោរអាចនៅមិនឆ្ងាយនោះទេ បានតាមដានដឹងថា គាត់ទៅធ្វើការក៏បានធ្វើសកម្មភាពគាស់បន្ទប់លួចតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព