បណ្តាញសង្គម

បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

រាជធានីភ្នំពេញ ៖ មានករណី២ផ្សេងគ្នា ដោយករណីទី១ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ គឺស្ត្រីម្នាក់វ័យជាង២០ឆ្នាំ សង្ស័យបែកថ្នាំ ហើយបាត់បង់ម្ចាស់ការ និយាយលែងដឹងខុសត្រូវ និងបង្កការអុកឡុករំខានដល់អ្នកស្នាក់នៅក្បែរខាង ត្រង់ចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ចំណែកករណីទី២ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មានបុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំ បានស្រែកឡូឡា ហើយឡើងទៅអង្គុយលើបង្កាន់ដៃស្ពាន៧មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ។

ករណីទី១-បើតាមប្រភពពីប្រជាពលរដ្ឋស្នាក់នៅក្បែរខាងស្ត្រីម្នាក់ខាងលើបានឲ្យដឹងថា ស្ត្រីម្នាក់ខាងខាងលើនេះមានអាយុជាង២០ឆ្នាំ ទើបមកជួលបន្ទប់ស្នាក់នៅជាមួយកូនប្រុសម្នាក់ទៀតអាយុ២ឆ្នាំ បានរយៈពេលជាង១០ថ្ងៃហើយ ។

សឹងតែរាល់ថ្ងៃ និងយប់ ចាប់តាំងពីស្ត្រីខាងលើមកស្នាក់នៅ គេឃើញមានមនុស្សប្រុសស្រីចេញចូលបន្ទប់ជួល និងផ្តុំគ្នាសេពគ្រឿងញៀនច្រើនលើកមកហើយ ។តាមប្រភពដដែលបានបន្តថា ស្ត្រីម្នាក់ខាងលើស្រែកឡូឡា និងនិយាយលែងដឹងខុសត្រូវតែម្នាក់ឯង បង្កការរំខាន និងធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពកូនតូចរបស់អ្នកជិតខាង ទើបនៅល្ងាចថ្ងៃទី២៤ សីហា ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យបញ្ឈប់ការជួលបន្ទប់ស្នាក់នៅទៅឱ្យស្ត្រីម្នាក់ខាងលើជាបន្តទៀត និងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នាំយកស្ត្រីខាងលើទៅប៉ុស្តិ៍នគរបាលផងដែរ ។

តាមប្រភពដដែលបានបន្តទៀតថា អ្វីដែលឃើញជាក់ស្តែងក្នុងបន្ទប់ជួលរបស់ស្ត្រីម្នាក់ខាងលើ គឺសុទ្ធតែឧបករណ៍ជក់គ្រឿងញៀន រីឯស្ត្រីម្នាក់ខាងលើក៏ប្រាប់ឱ្យដឹងដែរថា កុំថាឡើយជក់គ្រឿងញៀន គឺខ្លួនចាក់ទាំងគ្រឿងញៀនទៀតផង ។

បន្ទាប់មកសមត្ថកិច្ចក៏បាននាំស្ត្រីម្នាក់ខាងលើនេះទៅសំចតនៅប៉ុស្តិ៍នគរបាល តែដោយសារអាណិតក្មេងប្រុសតូចម្នាក់អាយុ២ឆ្នាំខាងលើដែលមិនដឹងអ្វីសោះនោះ ទើបសមត្ថកិច្ចរង់ចាំធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីឱ្យមកទទួលយកទៅស្រុកកំណើតវិញផងដែរ ។

ចំណែកករណីទី២-មានបុរសជនជាតិចិនម្នាក់ត្រូវបានគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនជ្រុល រហូតដល់បែកថ្នាំ បានស្រែកឡូឡាឡើងទៅអង្គុយលើបង្កាន់ដៃស្ពាន៧មករា ប៉ែកខាងលិច ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកដំណើរមានការព្រួយបារម្ភពីសុវត្ថិភាព និងចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅចាប់ឃាត់ខ្លួន រួចនាំយកទៅសំចតនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

ដកស្រង់ពី៖កោះសន្តិភាព