បណ្តាញសង្គម

២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយបានរងរបួសយ៉ាងដំណំ ចំណែកកូនស្រីម្នាក់បានរងរបួសស្រាល បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ស្ត្រីជាម្តាយ មិនស្គាល់អត្តសញ្ញាណ បានរងរបួសបែកមុខបែកមាត់ ចំណែកកូនស្រី មិនស្គាល់អត្តសញ្ញាណបានរងរបួសស្រាល ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌បៃតង ពាក់កណ្ដាល ភ្នំពេញ ១GI-០៥២៤ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម្តាយនិងកូនស្រីបានជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា៤ទៅ៥នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក តាមមកពីក្រោយរួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូនខាងលើបានសម្រេច ធ្វើឱ្យដួលម៉ូតូរងការខូចខាត។

តាមប្រភពដដែលបានបន្តថា ខណៈនោះបណ្តាលឱ្យស្ត្រីជាម្តាយរងរបួសបែកមុខបែកមាត់ រីឯកូនស្រីរងរបួសស្រាល ដោយឡែកក្រុមជនសង្ស័យក៏បានបន្ថែមល្បឿនជិះម៉ូតូគេចខ្លួនបាត់ស្រមោលភា្លមៗដោយសុវត្ថិភាព។

បន្ទាប់ពីកើតហេតុ ក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ និងរថយន្តសង្គ្រោះបន្ទាន់របស់ គ្លីនិកឯកជនបានមកដល់កន្លែងកើតហេតុ ប៉ុន្តែជនរងគ្រោះមិនព្រមឡើងលើរថយន្តសង្គ្រោះដើម្បីទៅធ្វើការព្យាបាលនោះទេ ដោយរង់ចាំទាក់ទងទៅសាច់ញាតិអោយមកទទួលយកទៅព្យាបាល។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ជនរងគ្រោះក៏មិនបានបញ្ជាក់ច្បាស់ពីទ្រព្យសម្បត្តិនៅក្នុងកាបូបដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកទៅបាត់នោះដែរ គឺគ្រាន់តែប្រាប់ថាបាត់បង់ទូរស័ព្ទមួយគ្រឿងនិងលុយដុល្លារមួយចំនួនតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សាច់ញាតិរបស់ជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុ និងបានជិះម៉ូតូរបស់ជនរងគ្រោះ និងដឹកជនរងគ្រោះតាមម៉ូតូកង់បីយកទៅព្យាបាលផងដែរ ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនោះទេ៕

ដកស្រង់ពី៖កោះសន្តិភាព