Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយបានទម្លាយឱ្យដឹងថា មេកន្ទុយលេខដ៏ធំមហិមាមួយដែលជ្រកក្រោមស្លាក«អាជ្ញាប័ណ្ណក្រុមហ៊ុនឆ្នោតខ្មែរ» ដែលកំពុងសំងំកើបលុយពីប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងយ៉ាងត្រជាក់មេជើង អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយមានការជួយសម្រូលពីមន្ត្រីខិលខូចមួយចំនួនផង ពេលនេះបាននិងកំពុងរងការចោទប្រកាន់ពីកូនកាតុងរបស់ខ្លួនថា «បានប្រើល្បិចបោកប្រាសគេចវែស មិនព្រមសងលុយរាប់សិបលានរៀល ទៅឱ្យកូនៗដែលបានចាក់ត្រូវ..»។

ហើយពេលនេះ ធ្វើឱ្យកូនកាតុងតូចតាចជាច្រើននាក់ កំពុងវណ្ឌ.ក ដែលប្រឈមនឹងការសងលុយនេះជំនួសមេធំ ដែលមានគំនិតទុច្ចរិតនេះទៀតផង ។ ប្រភពដដែលនេះបានបន្តថា មេឆ្នោតដ៏ធំនេះអះអាងថា ខ្លួនមានអាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុនឆ្នោតខ្មែរមួយ.. (សុំលាក់ឈ្មោះសិន) នៅភ្នំពេញ ហើយបានមកបើកទីតាំងសាខានៅខេត្តបាត់ដំបង ។ មេកន្ទុយលេខដែលជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរនេះ បានប្រើ ប្រាស់កម្លាំងសមត្ថកិច្ចខិលខូចមួយចំនួន ឱ្យជួយដើរបង្ខំមេឆ្នោតតូចតាចនៅតាមបណ្ដាស្រុកនានា និងនៅក្នុងក្រុងបាត់ដំបងផង ត្រូវតែលក់ឡើងកាតុងឲ្យមេឆ្នោតធំរបស់ក្រុមហ៊ុននោះ។

មន្ត្រីនោះ បានបង្ខំហើយគំរាមថា «បើមិនលក់ឡើងឱ្យមេឆ្នោតធំនោះទេ គេនឹងចាប់មិនឱ្យលក់ឡើយ»។បើតាមព័ត៌មានបឋម ដែលកោះសន្តិភាពទទួលបានពីមេកន្ទុយលេខតូចតាចខ្លះៗ នៅប៉ុន្មានថ្ងៃមុននេះ បានបង្ហើបឲ្យដឹងថា សមត្ថកិច្ចដែលត្រូវមេឆ្នោតធំ ប្រើឲ្យដើរគំរាមនិងបង្ខំមេកន្ទុយលេខតូចៗលក់ឡើងឲ្យមេធំរបស់ខ្លួននោះ ឈ្មោះ «ហេង» ជាមន្ត្រីនគរបាលនៅស្នងការខេត្ត ។

ប្រភពនេះបានទម្លាយទៀតថា គេមិនបានស្គាល់ឈ្មោះមេឆ្នោតធំ ដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតខ្មែរនេះទេ តែគេសង្ស័យទីតាំងឆ្នោតនេះ នៅក្នុងបូរីរោងចក្រ ស្ថិតនៅខាងមុខអធិការក្រុងបាត់ដំបង ។ប្រភពបញ្ជាក់ថា ជាងមួយ១សប្ដាហ៍កន្លងទៅនេះ ជម្លោះស៊ីសងលុយរាប់លានរៀលជាច្រើនករណី បានផ្ទុះឡើងរវាងកូនកាតុងជាច្រើននាក់ ជាមួយនឹងមេឆ្នោតដ៏ធំនេះ ដោយសារតែមេធំនេះមិនព្រមសងលុយទៅកូនៗ ដែលចាក់ឆ្នោតត្រូវ ហើយបែរជាឱ្យកូនកាតុងសងជំនួសឡើងសោះខ្លួន ។ ជាពិសេសបានតានតឹងយ៉ាងខ្លាំង ជាមួយមន្ត្រីនគរបាលឈ្មោះហេង ដែលជាអ្នកទទូលខុសត្រូវជំនួសមេឆ្នោតធំរបស់ក្រុមហ៊ុននេះតែម្ដង ។

មន្ត្រីឈ្មោះ ហេង តែងដើរបង្កព្យុះភ្លៀងស្ទើរគ្រប់តាមបណ្ដាស្រុកនានា នៅទូទាំងខេត្ត ដើម្បីបង្ខំនិងគំរាមឲ្យមេឆ្នោតតូចតាច លក់ឡើងកាតុងឆ្នោតឲ្យមេធំរបស់ខ្លួន តែបើមិនធ្វើតាមការណែនាំទេ គេនឹងបង្ក្រាបភ្លាមតែម្ដង ។

បើតាមប្រភពដដែលបានប្រាប់ថា ពេលនេះមានកូនកាតុងដែលលក់ឡើងឲ្យមេធំនេះ យ៉ាងតិចពី៥ទៅ៦នាក់ នៅតាមបណ្ដាស្រុក និងក្រុង បាននិងកំពុងប្រឈមនឹងការសងបំណុលឆ្នោតទៅកូនៗដែលចាក់ត្រូវ ដែលម្នាក់ៗចាប់ពី៦លានរៀល រហូតដល់ជិត៣០លានរៀលឯណោះ។

ហើយពួកគាត់កំពុងប្រតិកម្មយ៉ាងខ្លាំង ថែមទាំងបានព្រមានដាក់ពាក្យបណ្ដឹងទៅតុលាការទៀតផង ប្រសិនបើមេធំមិនព្រមសងលុយនេះ ។នៅក្នុងសេចក្ដីជួនដំណឹងដ៏ខ្លីនោះ មានខ្លឹមសារទាំងស្រុងដូច្នេះថា «សេចក្ដីជូនដំណឹង៖ មេចាប់ផ្ដើមទទូលឆ្នោតយូន.ឆ្នោតសៀម និង ឆ្នោតវត្ថុ ចាប់ពីពេលនេះតទៅ..។ របៀបកាត់ទឹកឆ្នោតយូន សៀម វត្ថុ៖ ២លេខ-១០០០,០០០x ១,០២=១០២០,០០០ , ៣លេខ-១០០០,០០០x ០,៧០=៧០០,០០០។

រីឯការស៊ីសងឆ្នោតយូន ២លេខ-១,០០០រៀល សង ១០០,០០០រៀលពេញ , ៣លេខ-១,០០០រៀល សង ៦០០,០០០រៀលពេញ។ដោយឡែកឆ្នោតសៀម និង វត្ថុ ២លេខ-១០០០រៀល សង ១០០,០០០រៀលពេញ , ៣លេខ-១០០០រៀល សង ៥០០,០០០រៀលពេញ ។

ខ្លឹមសារចុងក្រោយ នៃសេចក្ដីជូនដំណឹងនេះ បានបញ្ជាក់៖ ការកាត់ទឹកនេះគឺក្រុមហ៊ុនការពារនិងជួយសម្រូលដោះស្រាយជួនពេលអ្នកលក់មានបញ្ហា។ ការបញ្ជាក់ខ្លឹមសារចុងក្រោយ នៃសេចក្ដីជូនដំណឹងនេះ បានន័យថា «បើសិនអ្នកលក់ត្រូវបានបង្ក្រាបដោយសមត្ថកិច្ច គឺខាងក្រុមហ៊ុននេះ ជាអ្នកចេញមុខធានាដោះស្រាយ»។

មិនតែប៉ុណ្ណោះ នៅខាងក្រោម នៃសេសក្ដីជូនដំណឺងស្ដីពីការចាប់ផ្ដើមបើកដំណើរការ នៃល្បែងឆ្នោតដ៏ធំមហិមារបស់ក្រុមហ៊ុននេះ ថែមទាំងបាន ដាក់លេខទូរស័ព្ទមេឆ្នោតធំផ្ទាល់ចំនួន២ខ្សែរ ០៦១ និង ០៩៦ (សុំបិទលេខសិន) ដើម្បីទុកឲ្យកូនកាតុងសួរនាំ ប្រសិនបើមានចម្ងល់អំពីដំណើរការ នៃល្បែងឆ្នោតយូន ឆ្នោតសៀម និង ឆ្នោតវត្ថុ ទាំង៣ប្រភេទនេះ។

បើពិនិត្យលើខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់មេឆ្នោត និងការអះអាងរបស់មន្ត្រីនគរបាលឈ្មោះហេង ដែលបានដើគំរាមកំហែងមេកន្ទុយលេខនានា ឲ្យលក់ឡើងកាតុងឲ្យមេធំរបស់ខ្លួន គឺប្រាកដណាស់ មេឆ្នោតដ៏ធំសម្បើមនេះ បានប្រើប្រាសឈ្មោះ «អាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុនឆ្នោតខ្មែរមួយ..» ដើម្បីជាខែលបិទបាំងនូវអំពើទុច្ចរិតរបស់ខ្លួន ។

ប៉ុន្តែធាតុពិតក្រុមហ៊ុននេះបាននិងកំពុងសម្ងំលួចលក់ និងទទូលយកកាតុងឆ្នោតគ្រប់ប្រភេទពីកូនដៃរបស់ខ្លួន ថែមទាំងមានការជួយសម្របសម្រូលពីមន្ត្រីខិលខូចមួយចំនួនយ៉ាងរលូនទៀតផង ។

អ្នកទម្លាយព័ត៏មាននេះបាននិយាយថា បច្ចុប្បន្នមេឆ្នោតដ៏ធំជ្រកក្រោមស្លាកអាជ្ញាប័ណ្ណក្រុមហ៊ុនឆ្នោតខ្មែរមួយនេះ បាននិងកំពុងពង្រីកខ្លួនស្ទើរគ្រប់ទិសទី នៅក្នុងខេត្តបាត់ដំបង ដែលមានមេធំចាំទទូលខុសត្រូវចំនួន២នាក់ រីឯមន្ត្រីឈ្មោះ ហេង ជាអ្នកដើរបង្ខំនិងគំរាមឲ្យមេកន្ទុយលេខលក់នៅតាមបណ្ដាស្រុកនានា និង ក្នុងក្រុង លក់ឡើងឲ្យមេធំរបស់ក្រុមហ៊ុននេះ។

គេនៅមិនទាន់ដឹងថា សេចក្ដីជូនដំណឹងស្ដីពីការចាប់ផ្ដើ នៃល្បែងឆ្នោតគ្រប់ប្រភេទ ជ្រកក្រោមស្លាកអាជ្ ញាប័ណ្ណក្រុមហ៊ុនឆ្នោតខ្មែរ ដែលកំពុងវាយលុកចូលក្នុងខេត្តបាត់ដំបង រហូតកំពុងប្រឈមនឹងការប្ដឹងផ្ដល់គ្នានេះ បានជ្រួតជ្រាបដល់លោកស្នងការខេត្ត ឬលោកអភិបាលខេត្ត ដែរឬយ៉ាងណាទេ ។

ព្រោះគ្រប់មន្ត្រីការិយាល័យជំនាញ និងថ្នាក់ដឹកនាំមួយចំនួន មិនហ៊ានឆ្លើយតបនឹងសំណួររបស់កោះសន្តិភាពទេ ពាក់ព័ន្ធនិងល្បែងកន្ទុយលេខនេះ ខណៈដែលសេចក្ដីជូនដំណឹងរបស់មេល្បែងឆ្នោតខាងលើនេះ ហាក់បានបែកធ្លាយប្រហែលពី២ទៅ៣ខែកន្លងមកហើយ ។

មហាជនកំពុងទល់ភ្នែករងចាំមើលថា ក្រោយពីព័ត៏មានត្រូវបានទម្លាយ ជាសាធារណៈ តើថ្នាក់ដឹកនាំខេត្តគ្រប់ស្ថាប័នពាក់ព័ន្ឌ នឹងមានវិធានការបែបណា ? មហាជនសង្ឃឹមថា ថ្នាក់ដឹកនាំនឹងធ្វើការស្រាវជ្រាវ ដើម្បីចាត់ការលើសំណុំរឿងនេះប្រកបដោយឆន្ទះ និង យ៉ាងមានប្រសិទ្ធភាព។

ដកស្រង់ពី៖កោះសន្តិភាព