Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ជាអំពើខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់

  • បោះពុម្ព

(ភ្នំពេញ)៖ «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។

ប្រសិនបើម្ចាស់អាជីវកម្មដ្ឋាន មានលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រគល់ជូនដល់សមត្ថកិច្ច ហើយបើប្រសិនបើសមត្ថកិច្ចរកឃើញ និងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។

នេះគឺជាការថ្លែងគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរវត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀត ពាក់ព័ន្ធនឹងសត្វព្រៃដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា។ វិធានការណែនាំនេះត្រូវបានលោក នេត្រ ភក្ត្រា ឱ្យដឹងថា ជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ថា ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។

ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋាន ពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។ ការជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពីការជួញដូរសត្វព្រៃខុសច្បាប់ទាំងអស់នេះ ត្រូវបានលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា គូសបញ្ជាក់ឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីតាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតសល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមាន លក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជា លើឆាកអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត»។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចេញលិខិតជូនដំណឹងនេះដើម្បីណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយបញ្ឈប់ជាបន្ទាន់ នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹងបន្ថែមនូវការអនុវត្តច្បាប់ប្រឆាំង នឹងបទល្មើសដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ទាំងកន្លែងកែច្នៃ និងកន្លែងលក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។

លោករដ្ឋលេខាធិការ បានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

សូមបញ្ជាក់ថា កន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។

យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។

ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ បរទេសមួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែកាលពីខែ កុម្ភៈ ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀតដែលកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបានរក្សាទុកដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបានរក្សាទុកនៅកន្លែងដ៏មានសុវត្ថិភាពបំផុត។

កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយបានចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ៕

ដកស្រង់ពី៖FRESH NEWS