បណ្តាញសង្គម

ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​

រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នាចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ធ្វេីការឃាត់ខ្លួន ខណៈដែលល្បាតប្រទះឃើញក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នានៅជិតផ្លូវ ដោយខ្លះអង្គុយ និងខ្លះទៀតឈរពពាក់ពពូននៅកន្លែងស្ងាត់គួរឲ្យសង្ស័យ ។

លុះពេលសមត្ថកិច្ចឃាត់យកទៅសួរនាំទើបដឹងថាយុវជនចំនួន១០នាក់គឺជាមុខសញ្ញាប្លន់ម៉ូតូដែលធ្វើសកម្មភាពនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខបានសម្រេច២លើករួចមកហើយ បន្ទាប់មកក៏បានប្រគល់ទៅឲ្យនគរបាលខណ្ឌសែនសុខចាត់ការបន្ត ។

ចំណែកយុវជន៥នាក់ទៀតមិនជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់នោះទេ ហើយក៏ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍ចោមចៅ៣ធ្វើការអប់រំរួចហៅអាណាព្យាបាលមកនាំយកត្រឡប់ទៅផ្ទះវិញ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចច្រកចូលភូមិព្រៃទា១ កែងផ្លូវសហាវិថីព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យជាមុខសញ្ញាប្លន់ម៉ូតូទាំង១០នាក់ដែលត្រូវចាប់ខ្លួននោះរួមមាន ១-ឈ្មោះធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះរិន រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះរ៉ុង សុផា អាយុ១៦ឆ្នាំ ៤-ឈ្មោះសូត ឡៃហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះហឿនបញ្ញា អាយុ១៥ឆ្នាំ ៦-ឈ្មោះទេស ណារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ ៧-ឈ្មោះ ម៉ន ឈុន ភេទប្រុស អាយុ២០ឆ្នាំ ៨-ឈ្មោះសុខ គា ភេទប្រុស អាយុ១៧ឆ្នាំ ៩-ឈ្មោះ អាន សេង ភេទប្រុស អាយុ១៥ឆ្នាំ និង១០-ឈ្មោះប៉ុនធឿន រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ ។

ចំណែកយុវជន៥នាក់ផ្សេងទៀតជាក្រុមក្មេងទំនើង មិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូនោះឡើយ ហើយមិនត្រូវបានស្គាល់ឈ្មោះនោះទេ។តាមប្រភពពីនគរបាលបាននិយាយថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ បានចេញល្បាតពួនស្ទាក់បទល្មើសនានានៅក្នុងមូលដ្ឋាន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញយុវជនទាំង១៥នាក់នោះកំពុងប្រមូលផ្ដុំគ្នានៅជិតផ្លូវខាងលើ ដោយខ្លះអង្គុយនិងខ្លះទៀតឈរក្បែរម៉ូតូចំនួន៦គ្រឿងយ៉ាងពពាក់ពពូននៅកន្លែងស្ងាត់ដែលមើលទៅគួរឲ្យសង្ស័យ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនោះកម្លាំងសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធ និងឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ភ្លាមៗផងដែរ ហើយជាលទ្ធផលជនសង្ស័យចំនួន១០នាក់បានសារភាពថា ពួកខ្លួនធ្លាប់វាយប្លន់យកម៉ូតូនៅក្នុងភូមិសាស្ត្រសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខបានសម្រេចជាបន្តបន្ទាប់ចំនួន២លើករួចមកហើយ ។

ក្រោយពីទទួលបានចម្លើយសារភាពបែបនេះ ទើបនគរបាលខណ្ឌពោធិ៍សែនជ័យនិងប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ជនសង្ស័យទាំង១០នាក់នោះទៅឲ្យនគរបាលខណ្ឌសែនសុខចាត់ការបន្ត ចំណែកយុវជន៥នាក់ទៀតជាក្រុមក្មេងទំនើងត្រូវបានអប់រំរួចហៅអាណាព្យាបាលឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

ដកស្រង់ពី៖កោះសន្តិភាព