បណ្តាញសង្គម

ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

ខេត្តប៉ៃលិន ៖ ដោយសារតែប្អូនប្រុសដាំស្លហូបមិនឆ្ងាញ់ ស្រាប់តែបងប្រុសបោកចានបោកឆ្នាំងចោល និងវាយទៅលើប្អូនប្រុសដែលជាអ្នកខំដាំស្ល បណ្តាលឲ្យរងរបួសយ៉ាងដំណំ ហើយត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសជាបងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសួរនាំ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ខុម បូរាណា ហៅសិរ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាបងប្រុសបង្កើត។

ចំណែកជនរងគ្រោះឈ្មោះ ខុម បូរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្អូនប្រុសបង្កើត រងរបួសបែកមាត់និងបែកក្បាល។ អ្នកទាំងពីររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។តាមប្រភពដដែលបានបន្តថា មូលហេតុបណ្តាលឲ្យកើតទៅជាជម្លោះ រហូតឈានទៅដល់ការប្រើហិង្សាបែបនេះ គឺមកពីបងប្រុសជាជនបង្កបានស្តីឲ្យប្អូនប្រុសរឿងដាំស្លមិនឆ្ងាញ់ ហើយក៏មានការប្រកែកគ្នាទៅវិញទៅមក ស្រាប់តែជនបង្កទាញចានឆ្នាំងបោកបែកខ្ទេច រួចវាយទៅលើប្អូនប្រុស បណ្តាលឱ្យរងរបួសបែកមាត់ និងបែកក្បាលយ៉ាងដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនាំទៅកាន់អធិការក្រុងប៉ៃលិនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព