បណ្តាញសង្គម

រត់​បណ្តើរ​ស្រែក​បណ្តើរ​«​ជួយ​ផង​ៗ!»​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យចាក់ជាច្រើនកាំបិតបណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន និងបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅសំណង់ចាស់ក្នុងព្រៃ ភូមិក្បាលដំរី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយ ចំណែកម៉ូតូមួយគ្រឿងដែលដួលដេកនៅកន្លែងកើតហេតុដោយសង្ស័យជាម៉ូតូជនរងគ្រោះខាងលើម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1R -8743 ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឮសំឡេងជនរងគ្រោះរត់បណ្តើរ ស្រែកបណ្តើរថា «ជួយផងៗចោរប្លន់» បន្ទាប់មកប្រជាពលរដ្ឋនាំគ្នាមកមើលក៏ស្រាប់តែឃើញជនរងគ្រោះកំពុងដេកកប់ភក់ សន្លប់ស្តូក ខ្លួនសុទ្ធតែឈាមដួលនៅក្នុងភក់ក្បែរផ្ទះបាក់បែកចាស់ក្នុងព្រៃ ។

បន្ទាប់មកប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ និងហៅរថយន្តមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីខាងលើអាចជាការប្លន់យកម៉ូតូតែមិនបានសម្រេច ឬក៏ជនរងគ្រោះទៅរកពួកភេទទី៣ដែលតែងតែទៅពាក់ពពូននៅទីនោះក៏មិន ដឹង នេះគ្រាន់តែជាការសន្និដ្ឋានជំហានដំបូងតែប៉ុណ្ណោះ ។

សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្តទៀត ។ ប្រភពព័ត៌មានបានឱ្យដឹងថា ខណៈពេលមន្ទីរពេទ្យឯកដឹកយកទៅសង្គ្រោះដោយជនរងគ្រោះហូរឈាមច្រើនពេក ហើយគ្លីនិកឯកជនបានបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដើម្បីព្យាបាលបន្ត ខណៈពេលរថយន្តគ្លីនិកឯកជនដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ ហើយសមត្ថកិច្ចបានឱ្យរថយន្តដឹកយកទៅតម្កល់នៅវត្តតាំងក្រសាំងខាងត្បូង និងទាក់ទងជំនាញដើម្បីមកពិនិត្យភ្លាមៗផងដែរ ដោយឃើញស្នាមរបួសរយះជើងខាងស្តាំយ៉ាងជ្រៅ និងមុតដៃផងដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានចុះទៅពិនិត្យមើលកន្លែងកើតហេតុខាងលើដែលជាកន្លែងផ្ទះចាស់ដោយមានព្រៃនៅខាងក្រៅដោយសារមានឈាមកក និងឈាមហូរពីកន្លែងកើតហេតុផងដែរដោយសង្ស័យជនរងគ្រោះត្រូវគេចាក់ហើយរត់ចេញពីកន្លែងកើតហេតុដើម្បីឱ្យប្រជាពលរដ្ឋជួយ ហើយទីតាំងខាងលើគ្រាន់តែដឹងថា ទីតាំងកន្លែងក្រុមពួកខ្ទើយ ដែលនាំគ្នាទៅពពាក់ពពូននៅទីតាំងខាងលើ ។ ក្រោយពេលកើតហេតុកំពុងចាត់វិធានការស៊ើបអង្កេតបន្ត និងដើម្បីស្វែងរកជនសង្ស័យ ៕

ដកស្រង់ពី៖កោះសន្តិភាព