បណ្តាញសង្គម

២ទល់១បើកឆាក​ប្រយុទ្ធគ្នាផ្អើលពេញ​ផ្លូវ​

រាជធានីភ្នំពេញ ៖ ភាគីខាងបុរសម្នាក់ដើរចេញពីកន្លែងអុីនធើរណេតមកឈរលេងបានបន្តិច ស្រាប់តែមានភាគីខាងបុរស២នាក់ផ្សេងទៀត ដោយម្នាក់ជិះម៉ូតូមួយគ្រឿង រីឯម្នាក់ទៀតបើករថយន្តមួយគ្រឿង មកដល់ បន្ទាប់មកអ្នកទាំង៣ក៏បានឈប់និយាយគ្នា ហើយត្រូវបានគេសង្ស័យថា ភាគីទាំង២នាក់ស្គាល់គ្នា តែគេមិនដឹងថាមានគំនុំអ្វីនឹងគ្នានោះទេ បានជានិយាយគ្នាបានបន្តិចក៏វាយនិងកាប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីខាងបុរសម្នាក់រងរបួសស្រាល ចំណែកភាគីខាងបុរស២នាក់រងរបួសធ្ងន់ម្នាក់ជិតដាច់កដៃ រីឯម្នាក់ទៀតពុំមានរងរបួសនោះទេ ។

បន្ទាប់មកភាគីខាងបុរស២នាក់បានឡើងជិះរថយន្តបើករត់គេចខ្លួន តែមិនបានប្រយ័ត្នក៏ជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣៤ នៅចំណុចផ្ទះលេខ៣៨Eo ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ភាគីខាងបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសស្រាល ។

ចំណែកភាគីខាងបុរស២នាក់ទៀតក៏មិនស្គាល់អត្តសញ្ញាណដែរ ក្នុងនោះមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានរងរបួសធ្ងន់ជិតដាច់កដៃ រីឯបុរសម្នាក់ទៀតពុំមានរងរបួសនោះទេ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ខ្មៅ អត់មានស្លាកលេខនោះទេ ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញភាគីខាងបុរសម្នាក់ដើរចេញពីកន្លែងអុីនធើរណេតកំពុងតែឈរលេងនៅក្បែរប៉ុស្តិ៍មនោរម្យ ស្រាប់តែមានភាគីខាងបុរស២នាក់ ដោយម្នាក់បើកម៉ូតូមួយគ្រឿងមិនចាំម៉ាក និងម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសGS300 មកដល់ បន្ទាប់មកអ្នកទាំង៣ក៏ឈប់និយាយគ្នា ពេលនោះគេមិនដឹងថា ភាគីទាំង២មានគំនុំអ្វីនឹងគ្នានោះទេ ស្រាប់តែភាគីខាងបុរស២នាក់ប្រដាប់ដោយដាវសាម៉ូរៃព្រួតគ្នាវាយ និងកាប់ទៅលើភាគីខាងបុរសម្នាក់ ហើយភាគីខាងបុរសម្នាក់ក៏បានរត់ចូលទៅយកដាវមកដែរ និងបានកាប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលពេញផ្លូវ ។តាមប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍នោះដែរបណ្តាលឱ្យភាគីខាងបុរសម្នាក់រងរបួសស្រាល ចំណែកភាគីខាងបុរស២នាក់បានរងរបួសធ្ងន់ម្នាក់ជិតដាច់កដៃ ភ្លាមៗនោះបុរសម្នាក់ដែលជាអ្នកបើកបររថយន្តម៉ាកឡិចស៊ីសGS300 ពុំមានរងរបួស ភ័យស្លន់ស្លោពេក ក៏បើករថយន្តរត់គេចដោយមិនបានប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលបុករបងផ្ទះរបស់ប្រជាពលរដ្ឋផ្ទះលេខ៣៨Eo បណ្តាលអោយបាក់អស់មួយផ្ទាំង ចំណែករថយន្តរងការខូចខាត អស់មួយកំណាត់ខាងមុខចំហៀងខាងស្តាំ ព្រមទាំងផ្ទុះពោងទាំងសងខាង ។

តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មក រថយន្តនោះមិនបានឈប់នៅកន្លែងកើតហេតុនោះទេគឺបានព្យាយាមបើកទៅដល់ផ្លូវ១៣៩ ដើម្បីដឹកបុរសម្នាក់ដែលរងរបួសធ្ងន់ជិតដាច់កដៃចូលទៅក្នុងមន្ទីរពេទ្យសម្ភពព្យាបាលសុក្រិត ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ប៉ុន្តែគ្រូពេទ្យមិនព្រមទទួលនោះទេ ដោយ សារតែបុរសម្នាក់នោះរងរបួសធ្ងន់ធ្ងរពេក ទើបមានរថយន្តរបស់គ្លីនិកឯកជនមកដឹកបុរសដែលត្រូវរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះ ចំណែកឯបុរសជាអ្នកបើកបររថយន្តម៉ាកឡិចស៊ីស GS300 ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងយកសួរនាំជាបណ្តោះអាសន្ននៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលមនោរម្យ ។

ក្រោយពេលកើតហេតុ ទាំងអ្នកបើកបរ និងរថយន្តម៉ាកឡិចស៊ីស GS300 ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព