បណ្តាញសង្គម

ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាគួរឲ្យសង្ស័យសមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្ដែងរកឃើញ ក្រាមពណ៍សថ្លា ៤កញ្ចប់ថង់តូច ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយនៅលើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមសម្ដីមន្ត្រីនគរបាលកងអន្តរាគមន៍ខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើបានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចឃាត់ខ្លួនខាងលើបានប្រទះឃើញបុរស៣នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI VIVA ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AG-6876 ឌុបគ្នាធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ មកដល់ចំណុចកើតហេតុខាងលើមានការសង្ស័យ ទើបកម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរខ្លួន ។

ជាក់ស្ដែងរកឃើញក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ នៅក្នុងហោប៉ៅខោ ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា គ្រឿងញៀនទាំង៤កញ្ចប់នោះ ជារបស់ពួកគេពិតមែន ដែលពួកគេទិញក្នុង១កញ្ចប់ តម្លៃ១ម៉ឺនរៀល យកទៅជក់ប៉ុណ្ណោះ ។វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៍សថ្លាជាគ្រឿងញៀនចំនួន៤កញ្ចប់តូច និងទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក Iphone និងម៉ូតូមួយគ្រឿង ម៉ាក SUZUKI VIVA ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AG-6876 ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើដើម្បីរង់ចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព