បណ្តាញសង្គម

ចុ​ម​! ស្ពាយ​កាំភ្លើង​មក​ដល់​តូប ​អត់​និយាយ​ស្តី​អ្វីមួយ​ម៉ាត់ បាញ់​រះ​ប្តី​ប្រពន្ធ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្តាលឲ្យបុរសជាប្តីរងរបួសធ្លាយប្រអប់ជើង ខណៈជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធកំពុងរៀបចំអីវ៉ាន់ដើម្បីសម្រាកក្នុងតូបលក់ដូរ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ស្ថិតនៅតំបន់ទួលស្រឡៅ ភូមិគ្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ក្នុងនោះបុរសជាប្តីឈ្មោះ អេល រូន អាយុ៥៤ឆ្នាំ រងរបួសធ្លាយប្រអប់ជើង និងឈ្មោះ មាន សះ អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ មិនមានរងរបួសនោះទេ ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមសំដីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធកំពុងនៅក្នុងតូបលក់ដូរចាប់ហួយ ហើយប្រពន្ធកំពុងនៅរៀបចំអីវ៉ាន់ ចំណែកប្តីបានឡើងដេកលើឡៅតឿ ។

តាមប្រភពដដែលបានបន្តថា ពេលនោះស្រាប់តែជនសង្ស័យដែលជាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានដើរមកកាន់តូបជនរងគ្រោះ ហើយមិននិយាយស្តីអ្វីមួយម៉ាត់ មានស្ពាយអាវុធ AK មួយដើម បានបាញ់ទៅលើស្ត្រីជាប្រពន្ធចំនួន២គ្រាប់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ។

ភ្លាមៗនោះស្ត្រីជាប្រពន្ធក៏ស្រែកហៅប្តីដែលនៅដេកលើឡៅតឿឲ្យចុះ លុះបុរសជាប្តីស្ទុះចុះមកដល់ ក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ទៀតបណ្តាលឲ្យធ្លាយប្រអប់ជើង បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់តែម្តង ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជារឿងគំនុំ ហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព