បណ្តាញសង្គម

ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាម…មិនដឹងមានរឿងអ្វីបានជា​បុរសម្នាក់នេះធ្វើដូច្នេះ​ដាក់នាង

ខេត្តស្វាយរៀង ៖ បុរសជាជនជាតិវៀតណាមម្នាក់បានយកកាំបិតកៃចាក់ទៅលើស្ត្រីម្នាក់ជាជនជាតិវៀតណាម បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់នៅក្នុងថ្លុកឈាម ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងថា ផ្តើមចេញពីរឿងអ្វីនោះទេ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះចឹង វៀងហុន ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថាំង ឃុំង៉ែភុក ស្រុក តាំងគឺ ខេត្តង៉ៃអាង ។

ចំណែកស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះជិន ធីធូភឿង អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិមីធៀង ឃុំមីធៀង ស្រុកចូវភូ ខេត្តអាងយ៉ាង ។តាមប្រភពដដែលបន្តទៀតថា ក្រោយពីជនសង្ស័យបានចាក់សម្លាប់ស្ត្រីរងគ្រោះរួចហើយ ភ្លាមៗនោះសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យផងដែរ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានតម្កល់ទុកនៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសវៀតណាម។

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការរដ្ឋាននគរបាលក្រុងបាវិតដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព