បណ្តាញសង្គម

លើកមុនគ្រាន់​គំរាម…ព្រឹកនេះ​កាប់​ផ្តាច់.​ក​ពេលកំពុងជិះម៉ូតូ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកអូរជ្រៅបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២ តុលា នេះ ស្ថិតនៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ពីបទអំពើឃាតកម្មគិតទុកមុន ។

ជនសង្ស័យខាងលើ ឈ្មោះ ភាព សុភ័ក្ត្រ អាយុ២៦ឆ្នាំ នៅចំណុចភូមិកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះកែវ ពេជ្ររស្មី ភេទប្រុស អាយុ២៩ឆ្នាំ នៅអង្គភាពកងអនុសេនាតូចល្បាតទី២ វរសេនាតូចការពារព្រំដែនលេខ៥០៣ មានឋានៈជាមេបញ្ជាការរងកងអនុសេនាតូចល្បាតទី២ឋានន្តរស័ក្តិព្រិន្ទបាលឯក។

នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុលអូរជ្រៅបានប្រាប់។ប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យខឹងជាមួយជនរងគ្រោះ ដោយគំរាមបាញ់ក្បាលនៅក្នុងជម្លោះកាលពីកន្លងមក ។

លុះថ្ងៃកើតហេតុនេះ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ហើយស្របពេលជនសង្ស័យឃើញ ក៏ទាញយកកាំបិតខ្វែវកាប់ទៅជនរងគ្រោះ ត្រូវជាច្រើនកាំបិតចំក្បាលនិងក បណ្តាលឲ្យស្លាប់ភ្លាមក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីមានសេចក្ដីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់និងកម្លាំងជំនាញអធិការស្រុកបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការចាប់ជនសង្ស័យបញ្ជូនមកអធិការស្រុកអូរជ្រៅ ដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព