បណ្តាញសង្គម

កំពុង​រកមុខ​ដូច​បូស​ចុង​ក្រោយមក​ត្រូវ​អស់លក្ខណ៍​នឹក​ស្មាន​មិន​ដល់

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវ និងបានគេចខ្លួនរួចជាបន្តបន្ទាប់ចំណែកនគរបាលមិនបានស្រាវជ្រាវរកឃើញមុខសញ្ញាក្រុមជនដៃដល់ឡើយគឺដូចជារាវម្ជុលក្នុងបាតសមុទ្រដូច្នោះដែរ ។

ប៉ុន្តែចៃដន្យខណៈដែលកម្លាំងនគរបាលដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពក៏ត្រូវកម្លាំងនគរបាលឃាត់ឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់ក៏នាំទៅសាកសួរទើបធ្លាយពីសកម្មភាពប្លន់ ។

បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅចាប់ខ្លួនបក្សពួក៦នាក់ទៀតជាបន្តបន្ទាប់តែម្ដង ។ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅសង្កាត់ស្នោរ ខណ្ឌកំបូល និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពេលដែលជនសង្ស័យទាំងនេះធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ និងឆក់កាបូបបានសម្រេចជាបន្តបន្ទាប់។

នគរបាលខាងលើបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះគឺជាមុខសញ្ញាចោរកម្មដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូអ្នកដំណើរ ហើយបានរត់គេចខ្លួនរួចដោយសុវត្ថិភាពជាបន្តបន្ទាប់មិនត្រូវបាននគរបាលស្រាវជ្រាវរកឃើញឡើយ ។

លុះដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ខណៈដែលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យកំពុងដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅចំណុច នៅលើមហាវិថីឈ្នះ ត្រង់ចំណុចភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែឃើញជនសង្ស័យម្នាក់ឈ្មោះ សៀងតុង ជិះ ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HD-9258 អត់ពាក់មួកសុវត្ថិភាពហើយម៉ូតូអត់បំពាក់កញ្ចក់មើលក្រោយថែមទៀតផង ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនកញ្ចប់លាក់ក្នុងស្រោមដៃ ។

ប្រភពដដែលបានបន្តថា បន្ទាប់មកកម្លាំងបានចាប់ខ្លួននាំយកទៅសាកសួរនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកចំនួន០៦នាក់ទៀតគឺជាមុខសញ្ញាចោរកម្មហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូចំនួន២លើកមកហើយ ។

ក្រោយពេលទទួលបានចម្លើយសារភាពនោះហើយទើបកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់បន្ថែមទៀត ។

ពេលនេះជនសង្ស័យខាងលើកំពុងត្រូវបានសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព