បណ្តាញសង្គម

បែកធ្លាយ​ជនសង្ស័យ​៣​នាក់​ជា​ឃាតករ​សម្លាប់​​បុរស​ម្នាក់​ទល់មុខ​ខ្លោងទ្វារវត្ត​ភ្នៀ​ត

រាជធានីភ្នំពេញ៖ ក្រុមជនសង្ស័យធ្វើសកម្មភាពធ្លាក់ប្លន់ចំនួន៧នាក់ដែលត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនឃាត់ខ្លួនបាន ក្នុងនោះមាន៣នាក់ជាឃាតករវាយសម្លាប់បុរសម្នាក់កាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ មហាវិថីវិមានឈ្នះ ឈ្នះ ទល់មុខខ្លោងទ្វារវត្តភ្នៀត ស្ថិតនៅក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ដែលឃាតករខាងលើត្រូវបាននគរបាលអោយដឹងថា ១-ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង៣-ឈ្មោះយ៉ុង សហសវត្ស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្នោរ។ជនសង្ស័យដែលជាឃាតករ និងជាមុខសញ្ញាក្រុមជនសង្ស័យធ្វើសកម្មភាពធ្លាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១ ខែតុលា ។

នៅក្នុងការឃាត់ខ្លួនខាងលើ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១ថង់តូច, ម៉ូតូចំនួន៤គ្រឿង ក្នុងនោះ១-ម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GW-៤៣៧៣, ២-ម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HD-៩២៥៨, ៣-ម៉ូតូមួយគ្រឿងម៉ាកហុងដាធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HN-០៦៦៣ និង៤-ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១HP-២៣២១។

បន្ទាប់ពីឃាត់ខ្លួន និងធ្វើការសាកសួរ ទើបបែកធ្លាយថាមានជនសង្ស័យចំនួន៣នាក់ឃាតករវាយសម្លាប់យុវជនម្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ក្រុមជនសង្ស័យប្លន់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន៣នាក់ជាបក្ខពួកឃាតករ ដែលបានជិះម៉ូតូដេញវាយសម្លាប់បុរសម្នាក់នៅតាមវីថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករការ។

នៅក្នុងសកម្មភាពភាពវាយសម្លាប់នោះ គឺជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពជាមួយបក្ខពួកផ្សេងទៀតផងដែរ ។ ទោះបីជាយ៉ាងណា លោកអធិការពុំបានអោយដឹងពីមូលហេតុ ដែលធ្វើអោយក្រុមឃាតតរតាមវាយសម្លាប់ជនរងគ្រោះឡើយ។បើតាមប្រភពព័ត៌មានបានអោយដឹងថា ការវាយសម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីរឿងគំនុំដែលក្រុមឃាតករខឹងជនរងគ្រោះយកជំពាមកៅស៊ូបាញ់។

គួរបញ្ជាក់ថា បុរសម្នាក់ដែលរងគ្រោះខាងលើឈ្មោះសុទ្ធ សំបូរ អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួល នៅសហគមន៍អណ្តូងទី៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូប្រមាណ៣ទៅ៤គ្រឿងបាននាំគ្នាតាមវាយ បណ្តាលអោយស្លាប់បាត់បង់ជីវីត នៅលើចិញ្ចើមមហាវិថីឈ្នះឈ្នះ បន្ទាប់មកក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ឃាតកម្មនេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិ មហាវិថី វិមានឈ្នះ ឈ្នះ ទល់មុខក្លោងទ្វារវត្តភ្នៀត ស្ថិតនៅក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅក្បែរជនរងគ្រោះបានបន្សល់ទុក ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ឡើងតែមឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AE-៥៣១៧ ។ ជនរងគ្រោះ ត្រូវបានជនដៃដល់វាយចំក្បាលពីក្រោយ បណ្តាលដួលស្លាប់ផ្កាប់មុខនៅលើចិញ្ចើមផ្លូវ ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ដោយមានជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូប្រមាណ៣ទៅ៤គ្រឿងបានដេញវាយជនរងគ្រោះតាមដងផ្លូវតាំងពីម្តុំវត្តពោធិ៍ ក្នុងខណ្ឌពោធិ៍សែនជ័យរហូតដល់មុខវត្តភ្នៀត។ខណះនោះ ជនរងគ្រោះ ក៍បានផ្តួលម៉ូតូរត់គេចខ្លួន ហើយស្រែកអោយគេជួយក្រោមមក ក៏ត្រូវក្រុមនោះនាំគ្នាវាយរហូតដល់ស្លាប់ ។

ទីបំផុតអំពើដែលក្រុមជនដៃដល់បានប្រព្រឹត្តគេចមិនផុតពីសំណាញ់ច្បាប់ឡើយ ដោយជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៦នាក់ បានអស់លក្ខណ៍ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព