បណ្តាញសង្គម

ត្រឹម​អាយុ​14​ឆ្នាំ តែ​ដុះ​គំនិត​ដ៏​ព្រៃផ្សៃ និង​ឃោរឃៅ​ហួសនិស្ស័យ

ខេត្តកំពត ៖ ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មានករណីរំលោភសម្លាប់យ៉ាងឃោរឃៅមួយ កើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី២ ខែតុលា នៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។

នៅក្នុងសំណុំរឿងចាប់រំលោភនេះ គឺជនរងគ្រោះជាកុមារីអាយុ៩ឆ្នាំ ពេលនាងនៅផ្ទះម្នាក់ឯង ចំណែកឪពុកម្តាយទៅមើលស្រែទាំងពីរនាក់ ។ ដោយឃើញឱកាសស្ងាត់ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ក្នុងភូមិជាមួយគ្នា បានធ្វើសកម្មភាពចាប់នាងរំលោភយ៉ាងសាហាវព្រៃផ្សៃបំផុត ។

ក្រោយពីរំលោភបានសម្រេចហើយ ដោយខ្លាចកុមារីរងគ្រោះយករឿងដែលខ្លួនប្រព្រឹត្តនេះប្រាប់ឪពុកម្តាយ ក្មេងប្រុសកំណាចនេះបានយកកាំបិតប៉័ងតោកាប់កុមារីជាច្រើនកាំបិត គឺផ្ទៃមុខ៦កាំបិត ក១កាំបិត ដៃឆ្វេង៦កាំបិត និងដៃស្តាំ ៣កាំបិត បណ្តាលឲ្យនាងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុតនៅក្នុងផ្ទះរបស់ខ្លួន ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ក្រោយកើតហេតុក៏លេចឮព័ត៌មានដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ហើយកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តដែលប្រចាំការនៅអូរដីស បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនក្មេងប្រុសជាឃាតករនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕

 

ដកស្រង់ពី៖កោះសន្តិភាព