បណ្តាញសង្គម

ខ្លាំង​បាត់​លោក​កូន​! ខឹង​សុំ​មិន​បាន ដេញ​កាប់​ម្តាយ​ផ្អើល​ភូមិ​ហើយ​ដុត​ផ្ទះ​ទៀត

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជនសង្ស័យផឹកស្រាស្រវឹង ហើយខឹងសុំលុយម្តាយទិញថ្នាំញៀនមិនបាន ក៏ទាញកាំបិតខ្វែវដេញកាប់ម្តាយ និងដុតផ្ទះទៀត តែសំណាងល្អបានអ្នកភូមិជួយទាន់។ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្ងើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពពីប៉ូលិសស្រុកត្រាំកក់បានអោយដឹងថា ជនសង្ស័យជាកូនឈ្មោះ ឯក វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកស្រី្តជាម្តាយមិនស្គាល់អត្តសញ្ញាណនោះទេ ។ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។តាមប្រភពពីស្ត្រីជាម្តាយបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យជាកូនបានផឹកស្រាស្រវឹង និងបានសុំលុយគាត់យកទៅទិញថ្នាំញៀតជក់ដែរ តែគាត់មិនឲ្យ ទើបធ្វើឲ្យជនសង្ស័យជាកូនខឹង ហើយក៏បានយកកាំបិតខ្វែវដេញកាប់គាត់តែម្តងទៅ តែសំណាងល្អ បានអ្នកជិតខាងជួយទាន់កុំអីមិនដឹងទៅជាយ៉ាងណានោះទេ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីដេញកាប់គាត់មិនបានសម្រេច ជនសង្ស័យបានទៅកាប់ជើងគោ និងដុតផ្ទះទៀត តែបានអ្នកភូមិជួយពន្លត់ភ្លើងទាន់។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង។

នៅចំពោះមុខប៉ូលិស ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតដេញកាប់ម្តាយប្រាកដមែន មូលហេតុមកពីសុំលុយម្តាយយកទៅទិញថ្នាំញៀន តែម្តាយមិនព្រមអោយ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមច្បាប់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព