បណ្តាញសង្គម

ទម្លុះទ្វារធ្វើសកម្មភាពរាល់យប់​ ពេលម្ចាស់​​ផ្ទះមកដល់អស់រលីង​

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអធិការក្រុងបាងត់ដំបង ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៥ តុលា ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះមួយកន្លែងចូលលួចគ្រឿងសង្ហារឹមអស់គ្មានសល់ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់មិនបានស្នាក់នៅ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ក្នុងនោះ ១-ឈ្មោះលំ ផាន អាយុ៣៩ឆ្នាំ ២-ឈ្មោះ យូ ផាណាលាភ អាយុ១៨ឆ្នាំ ។ ជនសង្ស័យទាំង២នាក់នេះស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសង្កាត់កើតហេតុខាងលើ និង៣-ឈ្មោះរ័ត្ន ដារ៉ូ អាយុ២៨ឆ្នាំ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។លោកអធិការបានប្រាប់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ទេព វ៉ិត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។

ជនរងគ្រោះរូបនេះបានប្ដឹងនៅព្រឹកថ្ងៃទី៤ តុលា បន្ទាប់ពីគាត់បានទៅដល់ផ្ទះ ហើយបាត់បង់គ្រឿងសង្ហារឹមនៅក្នុងផ្ទះអស់ជាច្រើន។លោកឆាង វណ្ណឆៃ បានបញ្ជាក់ថា ក្រោយពីទទូលបានបណ្ដឹងរបស់ជនរងគ្រោះភ្លាម លោកស្នងការខេត្តក៏បានបញ្ជាឲ្យកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ជាបន្តបន្ទាប់តែម្ដង ថែមទាំងដកហូតបាននូវវត្ថុតាងជាច្រើនផងដែរ។

បើតាមការស្រង់សំដីរបស់ជនរងគ្រោះដែលមន្ត្រីជំនាញបានសាកសួរ លោក ទេព វ៉ិត បានប្រាប់ថា ផ្ទះរបស់លោកមិនមានអ្នកស្នាក់នៅនោះទេ ដោយលោកជាប់រវល់ទៅធ្វើការនៅភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី៤តុលា ពេលលោកសម្រាកពីការងារ ហើយត្រឡប់មកមើលផ្ទះ ស្រាប់តែឃើញស្នាមកាត់សោរទ្វារផ្ទះ ហើយគ្រឿងសង្ហារឹមជាច្រើនត្រូវក្រុមជនសង្ស័យលួចយកអស់ តែលោកមិនដឹងថា ក្រុមជនសង្ស័យចូលលួចពីពេលណានោះទេ ហើយពេលនោះលោកក៏បានរាយការណ៏ប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានប្រាប់ថា ពេលនេះមន្ត្រីជំនាញកំពុងសួរនាំហើយក្រុមជនសង្ស័យក៏បានឆ្លើយសារភាពទទូលខុសត្រូវចំពោះទង្វើទុច្ចរឹតរបស់ពួកគេផងដែរ។ លោកអធិការបានបញ្ជាក់ថា បើតាមចម្លើយរបស់ក្រុមជនសង្ស័យទាំងនេះបានឱ្យដឹងថា ពួកគេនាំគ្នាគាស់ផ្ទះចូលលួចគ្រឿងសង្ហារឹមនេះច្រើនថ្ងៃមកហើយ មិនមែនទើបចូលយកម្ដងនោះទេ។

ពួកគេបានដឹកគ្រឿងសង្ហារឹមចេញពីផ្ទះជនរងគ្រោះតាមរយៈរទេះអូស ដែលប្រព្រឹត្តច្រើនលើកច្រើនសារ ដែលភាគច្រើនធ្វើនៅពេលយប់ស្ងាត់រហូតអស់ពីក្នុងផ្ទះជនរងគ្រោះ។ ចំពោះវត្ថុតាងដែលមន្ត្រីជំនាញដកហូតបានមកវិញ រួមមាន សាឡុងចំនួន១ ទ្វារឈើចំនួន១១សន្លឹក និងគ្រែឈើចំនួន៨គ្រឿង (គ្មានរនាប)។

លោកឆាង វណ្ណឆៃ បានបញ្ជាក់ថា មន្ត្រីជំនាញកំពុងសួរនាំ ជនសង្ស័យទាំង៣នាក់ រីឯវត្ថុតាងក៏ត្រូវបានដកហូតដឹកយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការក្រុងបាត់ដំបងហើយដែរ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព