បណ្តាញសង្គម

កំហឹងស្ទាវរាត្រីចរ​…ដេញប្រហារកម្ទេច​ឡានទំនើប១​គ្រឿង

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវបានវាយប្រហារដោយក្រុមយុវជនស្ទាវជាច្រើននាក់វេលាទៀបភ្លឺ ដែលរហូតមកដល់រសៀលថ្ងៃទី៧ តុលា រឿងរ៉ាវបែបណានោះនៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីរថយន្តទំនើប១គ្រឿង ដែលជិះដោយបុរស២នាក់បានបើកដេញតាមពីក្រោយក្មេងស្ទាវមួយក្រុមជិះម៉ូតូពី៧ទៅ៨គ្រឿង រួចក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលថ្មមួយដេីម បណ្តាលឱ្យបែកកង់ ហេីយព្យាយាមបើកគេចវិញ ក៏ត្រូវបានក្រុមក្មេងស្ទាវទាំងនោះ នាំគ្នាយកដុំថ្មវាយនិងគប់កម្ទេចរថយន្ត ព្រមទាំងធ្វើឱ្យអ្នកបេីកបររថយន្តរងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៧ តុលា ត្រង់ចំណុចក្បែរស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវរថភ្លើងក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃេីញបុរសពីរនាក់បេីករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីសGS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-8533 ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជេីង និងបានបេីកដេញតាមពីក្រោយក្មេងស្ទាវមួយក្រុមដែលជិះម៉ូតូ៧ទៅ៨គ្រឿងមិនចាំម៉ាក ក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចកេីតហេតុក្រុមក្មេងស្ទាវក៏បាននាំគ្នាបេីកម៉ូតូបត់ឆ្វេង ចូលទៅក្នុងផ្លូវបេតុងដែលនៅអមផ្លូវរថភ្លើង ។ ខណៈពេលនោះរថយន្តខាងលេី ក៏បានបត់ឆ្វេងទៅតាមពីក្រោយដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិងបង្គោលថ្មមួយដើមដែលនៅជាប់នឹងផ្លូវរថភ្លើង បណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតនិងបែកកង់ខាងមុខចំហៀងខាងស្តាំ។ភ្លាមៗនោះអ្នកបេីកបររថយន្តខាងលេី បានព្យាយាមថយរថយន្តមកខាងក្រោយវិញបំណងបេីកចេញពីកន្លែងកើតហេតុ ។

ប៉ុន្តែខណៈពេលដែលរថយន្តថយក្រោយបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាជិះម៉ូតូត្រឡប់មកវិញ ហេីយក៏បាននាំគ្នារេីសដុំថ្មយកទៅវាយកម្ទេចរថយន្តខាងលេី បណ្ដាលឲ្យរងការខូចខាតបែកកញ្ចក់និងក្រពឹតស្ទើរពេញតួរថយន្ត និងព្រួតគ្នាវាយទៅលើបុរសដែលជាអ្នកបេីកបររថយន្តម្នាក់បណ្តាលឲ្យរងរបួសបែកឈាមហូរប្រឡាក់ពេញរថយន្តទៀតផង ។ ក្រោយមកក្រុមក្មេងស្ទាវក៏បាននាំគ្នាឡេីងជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ បន្ទាប់ពីបានបង្កជាហិង្សាខាងលេី ។

ចំណែកឯបុរសរងគ្រោះដែលជាអ្នកបេីកបររថយន្តត្រូវបានមិត្តភក្តិដែលរួមដំណើរជាមួយនាំយកទៅព្យាបាលនៅឯគ្លីនិកឯកជន បន្សល់ទុកតែរថយន្តដែលរងការខូចខាតនៅកន្លែងកេីតហេតុ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វេីការអន្តរាគមន៍ដល់ចំណុចកើតហេតុភ្លាមៗដែរ តែបានត្រឹមយករថយន្តដែលរងការខូចខាតខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំម្ចាស់មកធ្វេីការដាក់ពាក្យបណ្តឹងនិងទទួលយកត្រឡប់ទៅវិញ ។

ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ទំនងអ្នកណាខ្លាំងឈ្នះ…ព្រោះមកដល់រសៀលថ្ងៃទី៧ តុលាដដែលមិនមានមន្ត្រីសមត្ថកិច្ចណាមួយបានដឹងថារឿងរ៉ាវវាយបំផ្លាញរថយន្តស៊េរីទំនើបនេះ កើតឡើងពីមូលហេតុអ្វីនៅឡើយទេ ។ ពេលសួរនាំទៅមន្ត្រីអធិការដ្ឋានបានឆ្លើយថា រង់ចាំម្ចាស់រថយន្តមកដាក់ពាក្យបណ្តឹងទើបដឹងដំណើររឿង ៕

ដកស្រង់ពី៖កោះសន្តិភាព