បណ្តាញសង្គម

​គាត់ជិះ​ឆ្វែលប្រុងធ្វើស៊ីម៉ូតូ​១គ្រឿង​នៅ​​កណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដែលធ្វើសកម្មភាពល្បាតតាមផ្លូវនៅម្តុំផ្សារចាស់ដើម្បីប្រមាញ់មុខសញ្ញាលួចកាច់សោ.កម៉ូតូ បានឃើញជនសង្ស័យកំពុងជិះម៉ូតូឆ្វែលបម្រុងធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅម្តុំរង្វង់មូលវត្តដំណាក់ ក៏ឃាត់ខ្លួនបាន២នាក់រួចបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ។

ការបង្ក្រាបករណីកាច់សោ.កម៉ូតូនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា នៅខាងត្បូងរង្វង់មូលវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

លោកវរសេនីយឯក៍ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យដែលទើបចេញពីគុកទាំង២នាក់នេះ ធ្លាប់បានលួចកាច់សោ.កម៉ូតូជាច្រើនលើកក្នុងក្រុងសៀមរាប ដែលម្នាក់ឈ្មោះ អុល រ៉ាត់ ហៅញ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនប្រាកដ មានស្រុកកំណើតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប បច្ចុប្បន្នមានទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង និងម្នាក់ទៀតឈ្មោះ ហាច ហួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនប្រាកដ មានស្រុកកំណើតនៅភូមិរោងគោ ឃុំស្រណាល ស្រុកក្រឡាញ់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

លោកនាយការិយាល័យបញ្ជាក់ថា ក្នុងប្រតិបត្តិការឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាងដូចជា ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម ១W-៣៦២១ លេខតួនិងលេខម៉ាស៊ីន៥៤២៧៤៩០(មិនប្រក្រតី) កាំភ្លើងខ្លីម៉ាកកា៥៤ លេខ៥៥០០៣០៣៨ បង់ចំនួន១ គ្រាប់ចំនួន៥គ្រាប់ ក្បាលគ្រាប់សោកាច់កម៉ូតូចំនួន៣គ្រាប់ និងដងកាច់សោចំនួន២ សោម៉ាឡេតលេខ៨ ប្រវែង២០មីលី្លម៉ែត្រចំនួន១ កូនសោចំនួន៣ សោកំប្លេមួយឈុត ប៊ូឡុងសម្រាប់មួលផ្លាកលេខម៉ូតូចំនួន៤គ្រាប់ កាំបិតច្នៃឆ្កឹះសោដងពណ៌លឿងចំនួន២ និងអត់ដងចំនួន១ ម្ចុលខ្ទាស់សម្រាប់តខ្សែភ្លើងចំនួន៥ គ្រាប់ឆក់សម្រាប់បើកគម្របសោម៉ូតូចំនួន៣គ្រាប់ ទួរណឺវីសដងជ័រចំនួន១ សៀវភៅកត់លេខទូរស័ព្ទ១ ផ្លែឡាមសម្រាប់ចៀរខ្សែភ្លើងចំនួន១ និងកូនកាបូបដាក់ប្រាក់ចំនួន១ ។

លោកបានបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ អុល រ៉ាត់ ថា ខ្លួនធ្លាប់ជាប់ពន្ធនាគារពីបទលួចម៉ូទ័របូមទឹក ហើយចេញពីពន្ធនាគារក្នុងឆ្នាំ២០១៥ ។

ក្រោយមក ខ្លួនបានស្គាល់ឈ្មោះ វ៉ា ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ហើយឈ្មោះ វ៉ា បានឱ្យខ្លួនដើរលួចម៉ូតូកាច់សោ.កម៉ូតូ យកទៅលក់ឱ្យឈ្មោះ វ៉ា ហើយឈ្មោះ វ៉ា ថែមទាំងបានឱ្យសម្ភារមួយចំនួន សម្រាប់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមានដូចជា ក្បាលសោកាច់ ដងសោកាច់ កូនសោក្បាលគ្រាប់កាច់ សោម៉ាឡេត ។

ម៉ូតូសេ៊រីឆ្នាំ២០១៦ តម្លៃ៥០០ដុល្លារ ម៉ូតូសេ៊រីឆ្នាំ២០១៧ តម្លៃ៦០០ដុល្លារ ម៉ូតូសេ៊រីឆ្នាំ២០១៨ ឆ្នាំ២០១៩ តម្លៃ៨០០ដុល្លារ ម៉ូតូហ្សូ៊ម័រអុិច តម្លៃ៥០០ដុល្លារ ។ កន្លងមក ខ្លួនបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូក្នុងក្រុងសៀមរាបបានចំនួន៦គ្រឿង ។

ចំណែកកាំភ្លើងខ្លីម៉ាកកា៥៤ លេខ៥៥០០៣០៣៨ ខ្លួនទិញពីឈ្មោះ វ៉ា តម្លៃ៥០០ដុល្លារ ។ចំណែកចម្លើយសារភាពរបស់ឈ្មោះ ហាច ហួន ហៅឡាម បានឱ្យដឹងថា ខ្លួនធ្លាប់ជាប់ពន្ធនាគារកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ពីបទលួចកាច់សោ.កម៉ូតូ ហើយចេញពីពន្ធនាគារ នៅខែសីហា ឆ្នាំ២០១៩ ។ ខ្លួននិងឈ្មោះ អុល រ៉ាត់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅមុខវត្តកេសរារាម ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងម៉ាកហ្សូ៊ម័រអុិច ពណ៌ក្រហម បិទស្កុតខ្មៅ សេ៊រីឆ្នាំ២០១៨ យកទៅលក់ឱ្យឈ្មោ វ៉ា បានតម្លៃ៥០០ដុល្លារ ។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីយប់ នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ សេ៊រីឆ្នាំ២០១៩ ។

នៅវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ខ្លួននិងឈ្មោះអុល រ៉ាត់ បានជិះម៉ូតូកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម១W-៣៦២១ បម្រុងធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តងទៅ ។ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៨ ខែតុលា ៕

ដកស្រង់ពិ៖កោះសន្តិភាព