បណ្តាញសង្គម

សម្លាប់សង្សារពេលរួមភេទ…គឺផ្តើម​ពី​​ដឹង​ថា នាង​មានគូដណ្តឹងហើយ

ខេត្តព្រះសីហនុ ៖ ពិតជាឈាមស្រែកស្បែកហៅ ទីបំផុតក្នុងរយៈពេលជិត៣ខែ ជនបាតដៃប្រឡាក់ឈាមត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ តុលា កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឃាតកររំលោភហើយសម្លាប់ស្ត្រីជាសង្សារ មានមុខរបរជាកម្មករសំណង់ដូចគ្នា ក្រោយបានដឹងរឿងនាងមានគូដណ្តឹង ។

ជនសង្ស័យឈ្មោះ សួង ភិន ហៅធួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ផ្នែករៀបឥដ្ឋ មានស្រុកកំណើត នៅភូមិស្វាយក្រោម ឃុំត្រដេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង ។ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ មានករណីរំលោភហើយសម្លាប់មួយបានកើតឡើងនៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ។

ភ្លាមនោះជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈឺន ចាន់រដ្ឋ ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង និងស្នាក់នៅការដ្ឋានសំណង់ក្រុមទី១១ ភូមិ៣ សង្កាត់៣ក្រុងព្រះ សីហនុ ។

នារីរងគ្រោះត្រូវបានគេដឹងថា នាងមានសង្សារម្នាក់ឈ្មោះ សួង ភិន ហៅធួន ជាកម្មករសំណង់ដូចគ្នា តែពេលនោះជនសង្ស័យជាសង្សារមិនបាននៅមើលសពស្ត្រីជាសង្សារទេ បានធ្វើឲ្យសមត្ថកិច្ចបានដាក់ការសង្ស័យថាជននោះពិតជាឃាតករ ។

ក្រោយកើតមានអំពើរំលោភសម្លាប់ស្ត្រីជាកម្មករសំណង់នោះ ដោយបានការដឹកនាំចង្អុល បង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ និងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ នាថ្ងៃទី៩ តុលា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានធ្វើការបំបែកសំណុំរឿងរំលោភសម្លាប់នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះខាងលើ ខណៈជននេះរូបបានវិលចូលមកទឹកដីក្រុងព្រះសីហនុវិញ តាមល្បិចអន្ទងរបស់សមត្ថកិច្ចដែលចាប់ត្រីមិនឱ្យល្អក់ទឹក ។

ក្រោយពេលឃាត់ខ្លួនជំហានដំបូងជនសង្ស័យនិយាយកុហកសមត្ថកិច្ចថា ខ្លួនមិនបានសម្លាប់នារីជាសង្សារនោះទេ ព្រោះខ្លួនបានចេញពីការដ្ឋានសំណង់តាំងពីថ្ងៃទី៥ កក្កដា ២០១៩ មុននាងស្លាប់ម្ល៉េះ ។

ចម្លើយដែលមិនសមហេតុផលនេះ ត្រូវបានកម្លាំងជំនាញសួរដេញដោលរហូតធ្លាយចេញការពិត ពោលគឺជនសង្ស័យនេះបានសារភាពថា «ខ្លួនពិតជាឃាតករសម្លាប់នារីជាសង្សារមែន នៅពេលកំពុងដេករួមរ័កជាមួយគ្នា ។ ការដាច់ចិត្តសម្លាប់សង្សារនេះ ដោយសារខ្លួនបានដឹងរឿងនាងមានគូដណ្តឹង នឹងចង់ដោះដៃពីខ្លួន ដូច្នេះបើខ្លួនមិនបាននាងឃើញមុខទេ បុរសណាក៏មិនបាននាងដូចគ្នាដែរ ។

នៅពេលសម្លាប់ហើយខ្លួនបានគេចទៅស្រុកកំណើត ។ ជនសង្ស័យសារភាពប្រាប់សមត្ថកិច្ចទៀតថា ការសម្លាប់ស្ត្រីជាសង្សារដោយការប្រើខ្នើយ និងភួយខ្ទប់ដង្ហើមនាងនៅពេលកំពុងដេកជាមួយគ្នា បណ្តាលឲ្យនាងស្លាប់ រួចខ្លួនបានរត់គេចភ្លាម» ។

គួរបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់ជំនាញ ធ្វើការស្រាវជ្រាវរកលេខទូរស័ព្ទនិងបានឲ្យមនុស្សដែលស្និទ្ធស្នាលទាក់ទង ដើម្បីអន្ទងមកចាប់ខ្លួន ។ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីហើយ ៕

ដកស្រង់ពី៏៖កោះសន្តិភាព